ភ្នំពេញ៖ ក្រោយកើតមានព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ផងនោះ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញបទបញ្ជាបន្ទាន់ ដោយប្រកាស មិនអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើន និងឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ រយៈពេល ១៥ថ្ងៃ។
តាមរយៈសារជាសំឡេង ដែលបង្ហោះលើហ្វេសប៊ុក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន ក៏បានបញ្ជាទៅលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ឲ្យធ្វើសកម្មភាពជាបន្ទាន់ ទាក់ទិននឹងការបិទសាលារៀន បិទបវេសនាការ ហើយនៅក្នុងរយៈពេលរៀនបន្ត សម្រាប់សិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមប្រឡង ក៏គួរតែផ្អាកសិន។ សាលា បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចគ្នាដែរ គឺត្រូវផ្អាកចំនួន ១៥ថ្ងៃសិន ។
ភ្លាមៗទាក់ទិននឹងបញ្ហានេះដែរ ក្រសួងអប់រំ ក៏បានចេញសេចក្តីជូនដំណឹង ប្រកាសផ្អាកសកម្មភាពជួបជុំ រយៈពេល១៥ ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ។
ក្រសួងបន្តថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ និងរីករាលដាលក្នុងសហគមន៍ នៅរាជធានីភ្នំពេញ និងខេត្ត សៀមរាប ក្រសួងអប់រំ យុវជន និងកីឡា សូមដាក់ចេញនូវវិធានការ ដូចខាងក្រោម៖
១.ផ្កាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំ ដែលមានអ្នកចូលរួមលើសពី ២០នាក់ ក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
២.ផ្អាកការរៀនសូត្ររបស់សិស្សថ្នាក់ទី១២ និងការបំប៉នត្រៀមប្រឡង ដែលធ្វើឡើងនៅក្នុងគ្រឹះស្ថានសិក្សា ឬលក្ខណៈប្រមូលផ្ដុំ។ សិស្សថ្នាក់ទី១២ ត្រូវបន្តធ្វើស្វ័យសិក្សា និងរៀនតាមអនឡាញ។ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ នៅរក្សាទុកដដែល ។
៣. ផ្អាកដំណើរការគ្រឹះស្ថាន ឧត្តមសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ
៤. ផ្កាករាល់ការហាត់ប្រាណ និងលេងកីឡា ដែលមានលក្ខណៈប្រមូលផ្ដុំ រយៈពេល ១៥ថ្ងៃ ៕