ចាប់មិនចេះអស់សោះ! វ៉ៃខ្នោះជនជាតិចិនម្នាក់ទៀត រឹបអូសថ្នាំញៀនជិត ១គីឡូក្រាម

0

ភ្នំពេញ៖ នគរបាលនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនជាតិម្នាក់ ដកហូតគ្រឿងញៀនជិត ១គីឡូក្រាម កាលពីវេលាម៉ោង ១៣:៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបន្ទប់ផ្ទះជួល គ្មានលេខ ផ្លូវមេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅរាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ជនសង្ស័យមានឈ្មោះ វ៉ាង ឃីស៊ីង (WANG KEXING) ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ចិន។

វត្ថុតាងចាប់យកបានរួមមាន៖ សារធាតុញៀន ប្រភេទម៉េតំហ្វេមីន (WY) ៧៤០០គ្រាប់ ទម្ងន់សុទ្ធ ៧៩០.៥៧ក្រាម ។

ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន បានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕