ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យមានការប្រមូល និងធ្វើចត្តាឡីស័កបន្ទាន់ សម្រាប់អ្នកពាក់ព័ន្ធដែល ក្នុងនោះក៏មានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
តាមរយៈសារសំឡេង តាមប្រព័ន្ធតេឡេក្រាម នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា សម្តេចនឹងមិនអំពាវនាវឱ្យមាន ការបិទសាលារៀននៅភ្នំពេញ និងខេត្តពាក់ព័ន្ធទេ។ អ្វីដែលជាការចាំបាច់នៅពេលនេះ គឺតម្រូវការនូវការពាក់ម៉ាស់ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពតែប៉ុណ្ណោះនិង ត្រូវទុកសាលារៀនដំណើរការធម្មតាទៅតាមគន្លងថ្មី ។
សម្តេចតេជោ គូសបញ្ជាក់ថា នៅថ្ងៃទី៣០ វិច្ចិកា សម្តេចនៅតែដំណើរការកម្មវិធី បើកការដ្ឋានសាងសង់ផ្លូវទាំង ៣៨ខ្សែ នៅខេត្តសៀមរាបជាធម្មតា តែត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ៕