រាជធានី ខេត្តចំនួន៤ គួរឲ្យព្រួយបារម្ភជាងគេ ក្រោយសម្ដេចតេជោ ប្រកាសថាជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហគមន៍ជាលើកដំបូង

0

ភ្នំពេញ៖ ក្រោយក្រសួងសុខាភិបាល រកឃើញស្រ្តីម្នាក់ជាភរិយាមន្រ្តីជាន់ខ្ពស់ ពន្ធធនាគារមានវិជ្ជមានកូវីដ១៩ ដែលធ្លាប់ទៅផ្សារទំនើបអ៊ីអន១ និងធ្លាប់ស្នាក់នៅខេត្តសៀមរាបនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជាអាចឆ្លងកូវីដ១៩ ចូលសហគមន៍ជាលើកដំបូង ។

តាមរយៈសារសំឡេងបន្ទាន់ នាយប់ថ្ងៃទី២៨ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា «ករណីនេះជាករណីលើកដំបូងបំផុត ដែលជាករណីឆ្លងក្នុងសហគមន៍ ហើយមានការពាក់ព័ន្ធ នៅក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគីរី»។

សម្តេចតេជោបន្តថា ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលបានចាត់វិធានការបន្ទាន់ ដោយប្រមូលអ្នកជាប់ពាក់ព័ន្ធ ដើម្បីយកទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំមានការភ័យស្លន់ស្លោ រហូតទៅដល់ការបាត់បង់ការគ្រប់គ្រង ប៉ុន្តែក៏បានស្នើឱ្យប្រជាពលរដ្ឋរបស់យើងបង្កើន នូវការយកចិត្តទុកដាក់ពាក់ព័ន្ធ នឹងការការពារខ្លួនតាមរយៈការពាក់ម៉ាស ការលាងដៃ អនាម័យតាមការណែនាំ របស់ក្រសួងសុខាភិបាល ។

សម្ដេចតេជោ បន្ថែមថា ក្នុងករណីអ្នកណាដែលមានការសង្ស័យ សូមប្រញាប់ស្វែងរកគ្រូពេទ្យ អោយបានឆាប់បំផុត និងសុំការប្រុងប្រយ័ត្នដើម្បីការពារខ្លួន នៅក្នុងកាលៈទេសៈដ៏ចាំបាច់នេះ ហើយប្រសិនបើអាចជៀសវាង បានសូមចៀសវាងការប្រមូលផ្តុំណាមួយ ។

ចំណែកឯពាក់ព័ន្ធទៅនឹងសាលារៀនវិញ សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា មិនទាន់មានការចាំបាច់បិទសាលារៀនវិញនោះទេ អ្វីដែលជាការចាំបាច់នៅពេលនេះ គឺតម្រូវការនូវការការលាងដៃ និងការរក្សាគម្លាតសុវត្ថិភាពតែប៉ុណ្ណោះ រួមទាំងគោរតាមវិធានអនាម័យ ។

សម្ដេចតេជោ សង្ឃឹមថា ប្រជាពរដ្ឋនឹងយល់អំពីស្ថានភាពនេះ បន្តយកចិត្តទុកដាក់តាមដាន នូវការវិវត្តន៍នៃសភាពការណ៍ទាំងអស់ ហើយក៏សូមឲ្យក្រសួងសុខាភិបាល រាយការណ៍នូវអ្វីដែលជាការវិវត្តជាបន្តបន្ទាប់ ៕