លោកសក្ដិ៣ មន្ត្រីនគរបាលប៉ុស្ដិ៍ស្រះចក បន្ថែមមុខរបរជួញដូរគ្រឿងញៀន ត្រូវចាប់ខ្លួន

0

ភ្នំពេញ៖ ក្រោយសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនលោកស័ក្តិ៣ ហ៊ីង តុលា ជាមន្ដ្រីនគរបាលប៉ុស្ដិ៍ស្រះចក កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចម្តុំស្តុបធនាគារកាណាឌីយ៉ា មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ពេលនេះត្រូវបានបញ្ជូនខ្លួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី នៅព្រឹកថ្ងៃទី២៧ វិច្ឆិកានេះ ។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ២១និង១៥នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវឈាន ដល់ការបង្ក្រាបជាក់ស្តែង នៅចំណុចម្តុំក្តាន់ពីរ R6 សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុង ដេត ភេទប្រុស ដោយបានធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញថ្នាំញៀន ចំនួន ២០៩កញ្ចប់ ។

បន្ទាប់ពីប្រើវិធានការជំនាញ សួររកចម្លើយរួមមក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី កម្លាំងសមត្ថកិច្ច ចុះឆែកឆេរត្រួតពិនិត្យនៅតំបន់ សំណង់មិនរៀបរយនៅម្តុំផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ និង បានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញ ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀន និង អាវុធកែច្នៃមួយចំនួន ហើយបានធ្វើការឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យឈ្មោះ សុង ដេត ភេទប្រុស និង មនុស្ស៧នាក់ បន្ថែមទៀតនាំមកកាន់អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ត ។

លុះមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩៖០០នាទី កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ទៀតឈ្មោះ ហ៊ីង តុលា ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរតែម្ដង ៕