ឥទ្ធិពលគ្រឿងញៀន! កូនប្រុសចិត្តធំ ហ៊ានដុតផ្ទះម្ដាយខ្លួនឯងចោល ទាំងមិនអាល័យ

0

ភ្នំពេញ៖ នគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រលប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឃាត់ខ្លួនកូនប្រុសម្នាក់ ដែលបានដុតផ្ទះម្តាយចំណាស់ ចោលទាំងស្រុង ដែលពេលនេះ គាត់មិនដឹងរស់នៅទីណា នោះទេ ។
សកម្មភាព នេះ បានឡើងនៅចំណុចភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ ជឹម វណ្ណា ភេទស្រី អាយុ៦២ឆ្នាំ មុខរបរ កសិករ ត្រូវជាម្តាយ ។ ចំណែក កូនប្រុស ឈ្មោះ ពៅ រណ្ណៈ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ។

កន្លងមក ជនសង្ស័យធ្លាប់បានប្រើប្រាស់ គ្រឿងញៀន និង ធ្លាប់រករឿងឈ្លោះជាមួយម្តាយ របស់ខ្លួនជាញឹកញាប់ ។ លុះនៅថ្ងៃកើតហេតុ ជនសង្ស័យបានទៅដេកលេង នៅកញ្ចុះដីឡូតិ៍ មួយកន្លែងស្ថិតនៅក្បែរផ្ទះរបស់ខ្លួន ត្រឡប់មកផ្ទះវិញ ទើបសួរម្តាយ ថា «ឃើញកូនរបស់ខ្ញុំអត់ម៉ែ» ពេល នោះម្តាយបាន ឆ្លើយ ថា «មិនបានឃើញទេ» រួច ជនសង្ស័យក៏ដើរចេញពីផ្ទះ ។

ក្រោយមក ជនសង្ស័យ បានមកផ្ទះវិញ និងបានដើរទៅដើររានទេវតា រួចយកធាតុរបស់ឪពុក របស់ខ្លួននិងយកកាំបិតបុ័ងតោ មកកាត់ខ្សែសីមា ដើម្បីមើលធាតុឪពុក ។ ពេលនោះ ជនរងគ្រោះជាម្តាយ បានស្រែកប្រាប់ថា «ហ្អែងយកធាតុគាត់មកធ្វើអី» ពេលនោះជនសង្ស័យ បានគាស់ធាតុ មើលរួច យកទៅទុកចោលនៅលើគ្រែ ហើយក៏ដើរចេញទៅយកសាំងមួយដបក្នុងតូបលក់ចាប់ហួយ នៅមុខផ្ទះ និងយកក្រមារុំ ជាមួយឫស្សី ហើយក៏ដើរឡើង ទៅលើ ផ្ទះរបស់ខ្លួន រួចបានចាក់សាំងដុតផ្ទះ ដែលមានទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ធ្វើពីឈើប្រកក្បឿង បណ្តាលអោយឆេះអស់ទាំងស្រុងតែម្ដង ។

ពេលនេះ សមត្ថកិច្ចកំពុងចាត់ការជនសង្ស័យតាមច្បាប់ មុនបញ្ជូនទៅតុលាការ ៕