ស្រែកហៅប្រពន្ធ នៅវាលស្រែសោះ ស្រាប់តែបុរសម្នាក់ ស្មានថាឌឺដងឲ្យខ្លួន កំពុងអង្គុយផឹក ក៏ទាញកាំបិតកាប់របួសធ្ងន់ 

0

ភ្នំពេញ៖ បុរសម្នាក់ដើរទៅមើលស្រែ ក៏ស្រែកហៅរកប្រពន្ធ តែត្រូវជនបង្កម្នាក់ ស្មានតែស្រែកឌឺដង ដាក់ខ្លួន កំពុងអង្គុយផឹក ក៏ទាញកាំបិតកាប់បណ្តាលឲ្យ រងរបួសធ្ងន់ រួចជនដៃដល់ រត់គេចខ្លួនបាត់ ដោយសុវត្ថិភាព។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង៦និង០៥នាទីព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិអូរប្រាសាទឃុំ អូរប្រាសាទ ស្រុកមង្គលបូរី ។

ជនដៃដល់ឈ្មោះ ហុង ហួច ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិអូរប្រាសាទឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។

ចំណែកជនរងគ្រោះឈ្មោះ ទូច ផង់ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិជាមួយគ្នា ។

សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា តាមការឲ្យដឹងពីជនរងគ្រោះ នៅមុនកើតហេតុ ខ្លួនបានដើរទៅស្រែ រួចក៏ស្រែកហៅរកប្រពន្ធ ដែលនៅឆ្ងាយ។ គ្រានោះជនបង្កឈ្មោះ ហុង ហួច កំពុងតែផឹកស្រា ស្មានតែជនរងគ្រោះ ស្រែកឌឺដងដាក់ខ្លួន ក៏ទាញកាំបិត ហាន់ដើមចេកប្រវែង កន្លះម៉ែត្រ កាប់សំដៅមកលើជនរងគ្រោះ ត្រូវចំក្បាល លើសៀតផ្កា ខាងឆ្វេង០១កាំបិត និង ស្មា០១កាំបិត រងរបួសធ្ងន់។ គ្រានោះសាច់ញាតិ បានដឹកបញ្ជូនជនរងគ្រោះ មកព្យាបាលនៅមន្ទីរពេទ្យបង្អែក មិត្តភាព កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។

នគរបាលមូលដ្ឋាន បានបញ្ជាក់ទៀតថា ក្រោយពីធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួន បាត់ហើយ នៅពេលនេះសមត្ថកិច្ច កំពុងស្រាវជ្រាវ ចាប់ជនដៃដល់ ដើម្បីចាត់ការតាមច្បាប់ ៕