ភ្នំពេញ៖ បុរសម្នាក់ នៅក្នុងចំណោម៣នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីចូលច្រៀងខារ៉ាអូខេ បន្ទប់ជាប់គ្នា ហើយមានទំនាស់ពាក្យសម្តីគ្នា ក៏បានផ្ទុះហិង្សា យកខ្សែក្រវាត់ វាយក្បាលជនរងគ្រោះ ជាគូជម្លោះ បង្កការភ្ញាក់ផ្អើល ខណៈដែលក្រុមជនសង្ស័យនាំគ្នារ ត់គេចខ្លួនបន្សល់ទុក តែម៉ូតូមួយគ្រឿង។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅចំណុចក្លិបខារ៉ាអូខេ ជំនោរត្រជាក់ចិត្ត ក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ច កងរាជអាវុធហត្ថ ក្រុងស្វាយរៀងបានឱ្យដឹងថា បុរសរងគ្រោះមាន ៖
១-ឈ្មោះយ៉ូន សុខជា អាយុ២៧ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃស្រគំ ឃុំពងទឹក ស្រុករំដួល ខេត្ត ស្វាយរៀង(របួសក្បាល)បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។
២-ឈ្មោះភាព ភា អាយុ២៣ឆ្នាំ មុខរបរកម្មករម៉ាស៊ីនច្រូតស្រូវ រស់នៅភូមិសំពណ៌ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង (គ្មានរបួស)
ទី៣-ឈ្មោះម៉ុន ណាត អាយុ២១ឆ្នាំ មុខរបរកម្មករម៉ាស៊ីនច្រូតស្រូវ រស់នៅភូមិ ដំណាក់សេរី ឃុំកំចាយមារ ស្រុក កំចាយមារ ខេត្តព្រៃវែង (គ្មានរបួស) ។
ប្រភពបន្តថា ចំណែកក្រុមជនសង្ស័យ៣នាក់ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ព្រោះក្រោយបង្កហេតុ បានរត់គេចខ្លួន បន្សល់ម៉ូតូមួយគ្រឿង ម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I-១៣០១។
ប្រភពបន្តថា បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយ លោកអនុសេនីយ៍ទោ សែន កុសល មេបញ្ជាការស្តីទីក្រុង បានចុះបង្ក្រាបករណី ប្រើអំពើហិង្សា នៅចំណុចខារ៉ាអូខេ ជំនោរត្រជាក់ចិត្តនេះ ប៉ុន្តែក្រុមជនសង្ស័យ បានរត់គេចខ្លួន បន្សល់តែម៉ូតូ ទើបកម្លាំងសមត្ថកិច្ច បានយកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងកំពុងស្រាវជ្រាវ រកជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យ មានហិង្សានេះដោយសារ ចូលច្រៀងខារ៉ាអូខេ បន្ទប់ជាប់គ្នា ហើយទំនាស់ពាក្យសម្តីគ្នា ទើបឈានដល់ក្រុមជនសង្ស័យ យកខ្សែក្រវាត់វាយតែម្ដង ៕