ព្រោះតែជីវភាព! បុរសម្នាក់ ធ្លាក់ពីលើដើមត្នោត ស្លាប់ ក្រោយបញ្ជួនទៅមើលគ្រូខ្មែរ

0

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយធ្លាក់ពីលើដើមត្នោត ប្រមាណជាង១០ម៉ោង ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក។ ហេតុការណ៍នេះបានកើតឡើង ក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

លោក ងួន សុវណ្ណ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ត្រើយកោះ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ កូ រដ្ឋា អាយុ ៥៩ឆ្នាំ មានទីលំនៅភូមិសង្កាត់ កើតហេតុខាងលើ។

លោកនាយប៉ុស្តិ៍បានរៀបរាប់ថា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសរងគ្រោះបានឡើង ដើមត្នោត ដើម្បីត្រងទឹកធ្វើទឹកត្នោតជូរលក់ ដូចសព្វដង។ ជាចៃដន្យពេលឡើងដល់ចំណុច កដើមត្នោត ស្រាប់តែបាក់បង្អោង រួចបុរសរូបនោះក៏ធ្លាក់មកដី បណ្តាលឱ្យបាក់ចង្កេះ ហើយត្រូវសាច់ញាតិបញ្ជូន ទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះជីវិត។

លោក ងួន សុវណ្ណ បានបញ្ជាក់ថា ជាមួយនឹងស្ថានភាពធ្ងន់ធ្ងរបែបនោះ ក្រុមគ្រូពេទ្យបានណែនាំ ឱ្យបញ្ជូនបន្តទៅរាជធានីភ្នំពេញ ប៉ុន្តែសាច់ញាតិបែរជានាំយក ទៅផ្ទះគ្រូបុរាណខ្មែរ ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូវិញ។ នៅទីនោះជនរងគ្រោះ បានស្លាប់នារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបសាច់ញាតិទំនាក់ទំនង ហៅរថយន្តសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត ដឹកសពត្រឡប់មកកាន់ លំនៅស្ថាន ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕