អាសូរ! បុរសម្នាក់កំពុងផ្សារម៉ាស៊ីនច្រូត ភ្លេចមើលខ្សែភ្លើង ធ្លាក់ចូលក្នុងកន្ត្រៃម៉ាស៊ីន បណ្ដាលឲ្យឆក់ស្លាប់

0

ភ្នំពេញ៖ បុរសជាជាងផ្សារដែកម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ បន្ទាប់ពីគាត់បានផ្សារម៉ាស៊ីនច្រូតស្រូវ ភ្លេចមើលខ្សែភ្លើងចូលក្នុងកន្ត្រៃម៉ាស៊ីនច្រូត បណ្តាលឱ្យឆក់ដួលដេកលើដី បង្កការភ្ញាក់ផ្អើលតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ២៖៤០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងត្រពាំងរុនទី១ ឃុំចន្ត្រី ស្រុករមាសហែក។

បុរសរងគ្រោះខាងលើមានឈ្មោះ ធី រតនា អាយុ៣៦ឆ្នាំ មុខរបរជាជាងផ្សារដែក រស់នៅក្នុងឃុំចន្ត្រី ស្រុករមាសហែក។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុបុរសរូបនេះ បានមកផ្សារម៉ាស៊ីនច្រូតស្រូវ ខណៈកំពុងផ្សារបានប្រមាណកន្លះម៉ោង ដោយគាត់ភ្លេចមើលខ្សែភ្លើង ចូលក្នុងកន្ត្រៃម៉ាស៊ីនច្រូត ស្រាប់តែត្រូវខ្សែភ្លើងឆក់ដួលដេកលើដី បង្កមានការភ្ញាក់ផ្អើល ទើបអ្នកភូមិប្រញាប់ប្រញាល់ ជួយសង្គ្រោះបញ្ជួនទៅកាន់មន្ទីរពេទ្យខេត្ត ប៉ុន្តែជាអកុសលជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចជំនាញ បានមកពិនិត្យសពជាមួយគ្រូពេទ្យរួច សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ត្រូវខ្សែភ្លើងឆក់ប្រាកដមែន ទើបធ្វើកំណត់ហេតុប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕