ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ១គ្រឿង បើកបោះពួយយ៉ាងលឿន ខណៈមកដល់ផ្លូវកោងបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយផ្ទាំង ចំណែករថយន្តបង្ក បានរងការខូចខាតយ៉ាងដំណំ បើកទៅមុខលែងរួច ភ្លាមៗម្ចាស់រថយន្តចុះដោះស្លាកលេខ រត់ឡេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ១៖២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥២៨ កែងនិងផ្លូវលេខ២៧៥ ខាងកើតអតីតស៊ីម៉ាក់ចាស់ ប្រមាណជា២០០ម៉ែត្រ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តម៉ាកឡង់គ្រឺស័រមួយគ្រឿង ពណ៌ស មិនស្គាល់ស្លាកលេខបើកបរ ចុះពីផ្លូវទំនប់៧០ មកផ្លូវលេខ៥២៨ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់កែងផ្លូវលេខ២៧៥ ដែលជាចំណុចផ្លូវកោង និងជាកន្លែងកើតហេតុបានបួងចង្កូត មិនទាន់ក៏រេមកខាងស្ដាំដៃជ្រុលទៅបុក របងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំង រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តបានដោះស្លាកលេខ យកទៅជាមួយគេចខ្លួនចេញពី កន្លែងកើតហេតុបាត់ទៅ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយបានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រង់ចាំម្ចាស់ចូលខ្លួនមក ដោះស្រាយគ្នាទៅតាមច្បាប់ ៕