ភ្នំពេញ៖ ស្រីស្អាតម្នាកបានបើករថយន្តម៉ាក Toyota Prius ក្នុងល្បឿនលឿន និងសង្ស័យស្រវឹងស្រាផងនោះ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យរងការខូចខាត កាលពីម៉ោង ៣ ៖៥០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរផ្សារអូឡាំព្យា តាមបណ្ដោយផ្លូវលេខ១៨២ ក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើតាមសម្ដីសន្តិសុខ ដែលប្រចាំការនៅក្នុងតំបន់ នៃកន្លែងកើតហេតុខាងលើបានឲ្យដឹងថា មុនកើតហេតុគាត់ឃើញរថយន្តម៉ាក Toyota Prius ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AB-7881 បើកតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករបាំងថ្ម (ក្បាលនាគ) ពុះចែកទ្រូងផ្លូវបាក់អស់ ១កង់ខ្ទាតមកកណ្ដាលផ្លូវ ឯរថយន្តបង្កបានដាច់កាឡេកង់មុខ ផ្នែកខាងឆ្វេងទៅមុខលែងរួច ។
ប្រភពដដែលបានបន្តថា ក្រោយកើតហេតុនារីដែល ជាអ្នកបើកបរបានបើកទ្វារ រថយន្តចេញមកទាំងអាការៈស្រវឹងស្រា ហើយបានហៅឡំប្រឺតាជិះចេញពី កន្លែងកើតហេតុបាត់ ទៅដោយបន្សល់រថយន្ត បង្កទុកនៅកន្លែងកើតហេតុ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌ ៧មករា ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន ដោះស្រាយតាមច្បាប់ ៕