ភ្នំពេញ៖កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ប្ដីប្រពន្ធ ពីបទជួញដូរសត្វព្រៃខុសច្បាប់ លើទឹកដីកម្ពុជា ។
ប្រតិបត្តិការនេះ គឺមានបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កាលពីម៉ោង ៧៖៣០នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកអូរយ៉ាដាវ បានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយដកហូតបានសត្វព្រៃមួយចំនួន ។
ជនសង្ស័យជនជាតិវៀតណាមមានឈ្មោះ ដូ វ៉ាំងហ៊ុង ភេទប្រុស អាយុ ៣៨ឆ្នាំ និងឈ្មោះ យឿង យិងិន ភេទស្រី ទាំងពីរនាក់ត្រូវជាប្ដីប្រពន្ធ និងគ្នា ។
វត្ថុតាងដកហូតបានរួមមាន៖ សត្វសំពោធចំនួន ៣ក្បាល, សត្វកាធាយចំនួន ១ក្បាល និងទូរស័ព្ទដៃ ២គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបនេះ គឺកម្លាំងសម្ងាត់បានតាមដានសកម្មភាពនេះ ជាយូរមកហើយទើបសុំយោបល់ ថ្នាក់លើបង្ក្រាបជាក់ស្តែងតែម្តង ។
ប្រភពដដែលបន្តថា ជនជាតិវៀតណាម ២នាក់ ប្តីប្រពន្ធប្រកបមុខរបរជួញដូរ សត្វព្រៃខុសច្បាប់ ទៅប្រទេសវៀតណាម តាមមធ្យោបាយរថយន្តផ្ទាល់ខ្លួន ជាយូរណាស់មកហើយ, ដោយមានសមត្ថកិច្ចខិលខូចមួយចំនួន ដែលបានទទួលផលប្រយោជន៍ ជួយកាងពីក្រោយឱ្យថែមទៀតផង ។
បច្ចុប្បន្ន ជនជាតិវៀតណាម ២នាក់ប្តីប្រពន្ធ និងវត្ថុតាងត្រូវបានមន្ត្រីនគរបាល ស្រុកអូរយ៉ាដាវ ប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើ ផ្នែកបរកែវចាត់ចែងបន្ត ៕