ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ធ្វើការណែនាំដល់ក្រុមការងារ និងមន្ត្រីជំនាញ សរសេរអក្សរលើថ្មម៉ាប ដាក់តាមសួនច្បារ តំបន់ឆ្នេរ “ហាមបោះចោលសំរាម” ប្រសិនបើមានករណីរំលោភ បំពាន និងត្រូវផាកពិន័យ តាមអនុក្រឹត្យលេខ១១៣ មាត្រា៤៣ ស្តីពីការផាក ពិន័យអន្តរកាលចាប់ពី ២០.០០០រៀល ទៅ ៤០០.០០០រៀល ។
ជាមួយគ្នានោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តតាមតំបន់ឆ្នេរ និងតាមរមនីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ចូលរួមសហការ ថែរក្សាបរិស្ថាន អនាម័យ ។
យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថានៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុងព្រះសីហនុ និងតំណាងក្រុមហ៊ុនហ៊ុន ចុះពិនិត្យវឌ្ឍនភាព នៃហេដ្ឋារចនាសម្ព័ន្ធការ ស្ថាបនាផ្លូវ ៣៤ខ្សែ ប្រព័ន្ធលូ អូ ប្រឡាយ អាងប្រព្រឹត្តកម្ម ការសាងសង់បន្ទប់ទឹកសាធារណ: តាមបណ្តោយឆ្នេរអូរឈើទាល ការរៀបចំក្រាលថ្មក្រានិត នៅតាមចិញ្ចើមផ្លូវ ជុំវិញតោពីរ ក្នុងក្រុងព្រះសីហនុ ។
ក្នុងឱកាសចុះពិនិត្យលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់បណ្ដាក្រុមហ៊ុនសាងសង់ផ្លូវត្រូវយកចិត្តទុកដាក់ ដោយទទួលខុសត្រូវខ្ពស់ ក្នុងការពន្លឿនការងារ ឱ្យបានឆាប់រហ័ស ធានាបានបរិមាណ និងគុណភាព សោភ័ណភាព ដោយមិនត្រូវទុកសំណល់ ការដ្ឋាននៅលើដងផ្លូវ ធ្វើឱ្យបាត់បង់ សោភ័ណភាព ៕