ទំនាស់ពាក្យសម្ដី ក្នុងវង់ផឹកស៊ី ទ្រាំមិនបាន ទាញកាំបិទផ្គាក់ កាប់ស្លាប់ម្នាក់ភ្លាមៗ ក្នុងថ្លុកឈាម

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាព យកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះបណ្តាល ឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចដីស្រែ កងទ័ព ក្នុងភូមិរុងរឿង៤ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ សារ៉ាត់ សារិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតភូមិពយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះមានឈ្មោះ រ៉ា បឹប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិឃុំកើតហេតុខាងលើ ប្រកបមុខរបរដើរអាឈើងាប់ៗ តាមចំការដែលគេឈូសចោល។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះ មានទំនាស់ពាក្យសំដី ជាមួយគ្នាម្តងរួចមកហើយ ក្នុងវង់ផឹកស៊ីតាំងពីពេលថ្ងៃត្រង់។ លុះដល់ពេលយប់ ទំនាស់ក៏នៅតែបន្តកើតឡើង ដដែល ហើយជនរងគ្រោះ នៅតែពោលពាក្យឌឺដង ឱ្យជនសង្ស័យ ធ្វើឱ្យជនសង្ស័យទប់កំហឹង មិនបាន ក៏ស្ទុះយកកាំបិតផ្គាប់កាប់ ទៅលើជនរងគ្រោះចំកញ្ចឹងក និងស្លឹកត្រចៀក បណ្តាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ក្រោយធ្វើសកម្មភាពរួច ជនសង្ស័មានបំណងរត់គេចខ្លួន តែកម្លាំងនគរបាលស្រុក សហការជាមួយទាហាន កងពលតូចអន្តរាគមន៍ លេខ៩ បានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំងយប់ និងបាននាំខ្លួនមកកាន់អធិការស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់ ៕