ប្រជាពលរដ្ឋ ក្នុងរមណីយដ្ឋានអង្គររៀបរាប់ ពីនិតិវិធីស្នើសុំការ សាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់

0

ភ្នំពេញ៖ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃនេះអាជ្ញាធរជាតិអប្សរា បានណែនាំថាការសាងសង់ លំនៅដ្ឋាន នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវតែប្រព្រឹត្ត ទៅតាមលក្ខខណ្ឌ ដែលបានកំណត់ដោយច្បាប់ ដែលគ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាបាននូវ ទេសភាពវប្បធម៌ អត្តសញ្ញាណខ្មែរ បុរាណដ្ឋានត្រូវការពារ និងចៀសវាងការបំផ្លាញផ្សេងៗ នៅក្នុងតំបន់បេតិកភណ្ឌ ពិភពលោក។

តើប្រជាពលរដ្ឋ ក្នុងតំបន់អង្គរត្រូវមានឯកសារអ្វីខ្លះ ដើម្បីស្នើសុំសាងផ្ទះថ្មីជំនួសផ្ទះចាស់បាន?

តាមការរៀបរាប់ របស់លោកតា កែវ ផៃ ប្រជាពលរដ្ឋនៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទើបសង់ផ្ទះរួចមានប្រសាសន៍ថា៖ ខ្ញុំស្នើសុំច្បាប់សាងសង់ផ្ទះ មិនមានការលំបាកទេ ត្រឹម១ខែគេចេញច្បាប់ឱ្យធ្វើ ព្រោះខ្ញុំមានឯកសារ គ្រប់គ្រាន់និងត្រឹមត្រូវ តាមលក្ខខណ្ឌ ដែលអាជ្ញាធរជាតិអប្សរា បានកំណត់ដូចជា ខ្ញុំជាអ្នកស្រុកចាស់រស់នៅតាំងពី ឆ្នាំ១៩៨០ជាង មានខ្នងផ្ទះចាស់ មានឯកសារកាន់កាប់ដីធ្លីស្របច្បាប់ មានសៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ។ មុននិងក្រោយអនុញ្ញាត ច្បាប់សាងសង់ អាជ្ញាធរជាតិអប្សរាតែងចុះមកពិនិត្យ ថតរូប ក៏ដូចជាប្រឹក្សាយោបល់ផ្សេងៗ។ ពេលបានសាងសង់ហើយ សូមប្រជាពលរដ្ឋកុំធ្វើហួស ពីការស្នើសុំ ឬក៏លួចធ្វើដោយ គ្មានការអនុញ្ញាត។

ជាប្រជាពលរដ្ឋដែលរ ស់នៅភូមិអូរទទឹង ដែរ លោក សួង ដានី បានលើកឡើងថា ខ្ញុំបានសុំច្បាប់សាងសង់តាមរយៈមេភូមិ ហើយមិនមានជួបការលំបាកអីទេ ព្រោះខ្ញុំភ្ជាប់ជាមួយឯកសារដែលគេត្រូវការត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ អាជ្ញាធរជាតិអប្សរា បានជួយសម្របសម្រួល គូស ប្លង់បច្ចេកទេស និងរចនាបទផ្ទះបែបខ្មែរឱ្យខ្ញុំទៀតផង។ ចំពោះការដាក់ពាក្យស្នើសុំវិញ ក៏ពុំមានការបង់ប្រាក់ដែរ ហើយខ្ញុំក៏គោរពទៅតាម ការស្នើសុំទាំងម៉ូតផ្ទះ ទំហំ របង មិនឱ្យសពីច្បាប់សុំ។

លោក ដានី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ នៅក្នុងឧទ្យានអង្គរ ទាំងអស់ មុនធ្វើផ្ទះ ធ្វើសំណង់អ្វីមួយត្រូវគោរព តាមច្បាប់ ត្រូវមានឯកសារគ្រប់គ្រាន់ និងស្របតាមលក្ខខណ្ឌកំណត់នោះ មិនមានផលលំបាក ក្នុងការស្នើសុំសាងសង់ទេ ហើយចៀសវាង ការលួចធ្វើតាមចិត្តឯង ដែលនាំឱ្យប៉ះពាល់ ដល់តម្លៃរមណីយដ្ឋានអង្គរ និងផលប្រយោជន៍ខ្លួន។

លោក ខៀវ វិចិត្រ មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រង លំនៅដ្ឋាន ក្នុងតំបន់អង្គរបាន បញ្ជាក់ថា បើប្រជាពលរដ្ឋមានបំណងចង់ដាក់ ពាក្យស្នើសុំសាងសង់ លំនៅដ្ឋាន ជួសជុលតូចតាច និងសំណើផ្សេងៗ អាចមកដាក់ពាក្យនៅច្រកចេញចូល ទាំង៦ របស់អាជ្ញាធរជាតិអប្សរា ដែលមានមន្ត្រី បុគ្គលិក ប្រចាំការនៅទីនោះចាំប្រឹក្សាយោបល់ អំពីឯកសារ ដែលត្រូវភ្ជាប់មក ជាមួយដូចជា លិខិតកាន់កាប់ដីធ្លីស្របច្បាប់ សៀវភៅគ្រួសារ សំបុត្រកំណើត ប្លង់ដី និងអត្តសញ្ញាណបណ្ណ។ ពេលបានលិខិតអនុញ្ញាត ក្រុមការងារនឹងចុះមកពិនិត្យទីតាំងផ្ទាល់ រួមទាំងតាមដានសកម្មភាពសាងសង់ថាត្រឹមត្រូវឬខុសពីលក្ខខណ្ឌដែលបានស្នើសុំ។
ករណីប្រជាពលរដ្ឋ ដែលគោរពតាមគោលការណ៍ ក្នុងការស្នើសុំ អាជ្ញាធរជាតិអប្សរា នឹងមានលិខិតសរសើរដល់ពួកគាត់ បានចូលរួមលើកស្ទួយតម្លៃតំបន់អង្គរ ហើយរាល់ការដាក់ពាក្យស្នើសុំ គឺពុំមានបង់ថវិកាឡើយ៕