ឃើញយាយនៅម្នាក់ឯង ធ្វើជាចូលលក់ឱសថបុរាណ បន្លំលួចលុយ និងខ្សែក អស់មួយចំនួនធំ

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដើរលក់ឱសថបុរាណ ខណៈឃើញលោកយាយអាយុ៨៨ឆ្នាំ នៅម្នាក់ឯង​ធ្វើជាចូលជួយព្យាបាលជំងឺ ព្រោះតែឃើញលុយ និងខ្សែកលោកយាយនៅក្នុងថង់ក្បែរខ្លួន​ ក៏ធ្វើសកម្មភាពលួច តែមិនបានសម្រេចឡើយ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។ ករណីនេះបានកើតឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទី នៅចំណុចភូមិស្វាយពងអង្រ្កង សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកយាយរងគ្រោះឈ្មោះ ហាក់ អៀង អាយុ៨៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ/សង្កាត់កើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ស៊ុន រ៉ូសេត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំខ្មែរ មានទីលំនៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ (ឃាត់ខ្លួន)។ ដោយឡែកវត្ថុតាងចាប់យកមាន៖ ខ្សែកធ្វើអំពីលោហធាតុពណ៌លឿង ១ខ្សែទម្ងន់៥ជី, ប្រាក់រៀល ២០ម៉ឺនរៀល, ប្រាក់ដុល្លារ៥៧០ដុល្លារ,​ ម៉ូតូ១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HI-0518, ទូរស័ព្ទដៃ១គ្រឿង,​សាមីដាក់ឯកសារ១, សៀវភៅ១ក្បាល,​តែចិន៩កញ្ចប់, ឱសថបុរាណ(ថ្នាំខ្មែរ)១កញ្ចប់ និងកាបូបយួរពណ៌ក្រហម១។

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ​ ជនសង្ស័យបានជិះម៉ូតូមកផ្ទះជនរងគ្រោះ ដើម្បីលក់ឱសថបុរាណ (ថ្នាំបុរាណលើសឈាម) ឲ្យជនរងគ្រោះ ហើយពេលនោះបានឲ្យជនរងគ្រោះ ស្គែនមេដៃលើទូរស័ព្ទ ដើម្បីពិនិត្យរកជំងឺលើសឈាម ខណៈនោះក៏ឃើញជនរងគ្រោះ មានកូនថង់ដាក់លុយ និងគ្រឿងអលង្ការនៅក្នុងហោប៉ៅអាវ ក៏រកវិធីលួចយក។ ពេលឃើញឱកាសល្អស្ងាត់ ម្យ៉ាងទៀតឃើញជនរងគ្រោះ ជាមនុស្សចាស់ជរាផង ជនសង្ស័យក៏បានបន្លំលូកយក រួចហើយជិះម៉ូតូចេញបាត់ទៅ។ បន្ទាប់មក ជនរងគ្រោះបានប្រាប់ចៅនិងកូន ហើយរាយការណ៍ជូនសមត្ថកិច្ច ប៉ុស្តិ៍កោះអន្លង់ចិនដើម្បីឱ្យជួយ ធ្វើអន្តរាគមន៍រហូតឃាត់ខ្លួន ជនសង្ស័យបានតែម្ដង។

បច្ចុប្បន្ន​ ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕