ភ្នំពេញ៖ ហ្វូងគោប្រមាណជាង ៥០ក្បាល ដែលម្ចាស់លែងឲ្យដើរយ៉ាងអនាធិបតេយ្យ នៅតាមដងផ្លូវក្នុងក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ រដ្ឋបាលប៉ោយប៉ែត ចាប់ដាក់ទ្រុង រយៈពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៩-២០ វិច្ឆិកា ។
ពលរដ្ឋនិយាយថា ចំណាត់ការទៅលើហ្វូងគោដែលដើរប្រសេចប្រសាចលើផ្លូវជាតិលេខ៥ និងតាមផ្លូវនានាក្នុងក្រុងប៉ោយប៉ែត បង្កការលំបាកដល់អ្នកធ្វើដំណើរ ស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ជុះអាចម៍លើផ្លូវសាធារណៈ មុខផ្ទះប្រជាពលរដ្ឋ លើសួនច្បារ ធ្វើឲ្យខូចសោភណភាព និងខូចសណ្ដាប់ធ្នាប់សង្គមយូរឆ្នាំមកហើយ មិនទាន់មានវិធានការលើម្ចាស់ គោណាម្នាក់ឲ្យសមស្របតាមផ្លូវច្បាប់នោះ គឺពេលនេះពួកគាត់ត្រេកអរខ្លាំងណាស់ ចំពោះវិធានការរបស់សមត្ថកិច្ចខាងលើ ។
ពលរដ្ឋបន្តថា ពួកគាត់សប្បាយចិត្តចំពោះវិធានការ របស់សមត្ថកិច្ចទៅលើហ្វូងគោទាំងនេះ ដែលលែងចោលទាំងថ្ងៃទាំងយប់ ជូនកាលដើរចូលក្នុងផ្សារស៊ីបន្លែផ្លែឈើ បើសិនជាអ្នកលក់កំពុងជាប់រវល់ មិនបានមើលទេនោះវានឹងអាចស៊ីផ្លែឈើ ទាំងនោះខ្ទេចខ្ទីមិនខាន។ មិនតែប៉ុណ្ណោះបើនៅតាមគេហដ្ឋានវិញ មានពាងទឹកតាមមុខផ្ទះ មិនបានគ្របត្រឹមត្រូវប្រាកដជា ត្រូវសត្វគោយកមាត់ជ្រលក់ គ្រប់ផ្ទះជាមិនខាន។ បញ្ហាហ្វូងគោសមត្ថកិច្ច បានណែនាំច្រើនដងមកហើយ ពុំបានធ្វើតាមការសន្យារបស់សមត្ថកិច្ចទេ ទើបតែពេលនេះសមត្ថកិច្ចចាត់វិធានការតែម្ដង។
បញ្ហាខាងលើលោកមេប៉ុស្ដិ៍រដ្ឋបាលប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយពីចាប់ហ្វូងគោដែលដើរ តាមផ្លូវសាធារណៈមកឃើញមានម្ចាស់ជាច្រើន មករកគោរបស់ខ្លួនដែល កម្លាំងសមត្ថកិច្ចចាប់ឃុំទុករកមុខម្ចាស់ ។
លោកបន្ថែមថា ចំពោះម្ចាស់គោនៅពេលនេះ សមត្ថកិច្ចកំពុងឲ្យម្ចាស់ធ្វើកិច្ចសន្យានិងអប់រំ រួចហើយឲ្យយកគោរបស់ខ្លួនទៅផ្ទះវិញ ហើយដរាបណាមានហ្វូងគោ ដើរតាមផ្លូវសាធារណៈទៀតម្ចាស់គោ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ដែលខ្លួនធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ឬក៏ផាកពិន័យតាមកិច្ចសន្យាកំណត់ ៕




