ចោរមួយក្រុមប្រដាប់ដោយកាំភ្លើង ចូលលួចឡានមិនបាន ឃើញម៉ូតូក៏លួចជិះទៅបាត់

0

ភ្នំពេញ៖ ចោរមួយក្រុមប្រដាប់ ដោយកាំភ្លើងខ្លីក្នុងនឹងដៃផងនោះ បានចូលទៅលួចរថយន្តរបស់ប្រជាពលរដ្ឋ តែលួចមិនបានក៏ប្រទះឃើញម៉ូតូក្បែរនោះ លួចរួចជិះគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ១យប់រំលងអធ្រាត ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

បើស្រ្តីជាម្ចាស់ផ្ទះបានរៀបរាប់ថា កាលពីយប់រំលងអធ្រាត ខណៈដែលពួកគាត់ដេកស្ងាត់អស់ហើយនោះ ស្រាប់តែមានចោរមួយក្រុម ដែលមានគ្នាចំនួន ៤នាក់ បានជិះរថយន្តពណ៌ក្រហម ១គ្រឿង ក្នុងនោះមានម្នាក់កាន់កាំភ្លើងខ្លី ១ដើមជាប់នឹងដៃ បានមកឈប់នៅមុខផ្ទះ ក្នុងគោលបំណងលួចរថយន្ត ដែលចតខាងមុខផ្ទះ ចំនួន២គ្រឿង គឺរថយន្តហាយឡេនឌ័រ ១គ្រឿង និង ឡិចស៊ីស RX៣៣០ មួយគ្រឿង។ ប៉ុន្តែពេលដែលធ្វើសកម្មភាព លួចឡាននោះលួចមិនបាន ។ បន្ទាប់មកក្រុមចោរនោះ បានដើរសំដៅទៅផ្ទះរបស់នាងដែលនៅជាប់គ្នា រួចបើកទ្វាររបងចូលទៅលួចម៉ូតូររបស់នាងទុកនៅទីនោះដោយសុវត្ថិភាពតែម្តង ។ ម៉ូតូដែលក្រុមចោរលួចទៅនោះម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង ១J-១៧៨៣ ពណ៌ខ្មៅ ។

ស្រ្តីរូបនេះបានប្រាប់ទៀតថា នៅភូមិរបស់នាងគឺធ្លាប់បាត់ម៉ូតូ ញឹកញាប់ដែរហើយ ដែលសកម្មភាពរបស់ក្រុមចោរនេះ គឺមុខសញ្ញាតែមួយ ដែលពួកគេប្រើប្រាស់ រថយន្តពណ៌ក្រហមនេះ ។ ករណីនេះម្ចាស់ម៉ូតូស្នើឲ្យសមត្ថកិច្ច ជួយបង្រ្កាបក្រុមចោរទាំងអស់នេះផង ។

ពាក់ព័ន្ធនឹងករណីនេះ លោក ខូវ លីស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ រកមុខសញ្ញាក្រុមចោរទាំងនេះហើយ ៕