យោធាស័ក្តិ៥ ម្នាក់ ដែលគំរាមសម្លាប់អ្នកជិតខាង ទាំងគ្រួសារ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

0

ភ្នំពេញ៖ លោកស័ក្តិ៥ ហ៊ីម សំបូរ ដែលខឹងក្មេងអាយុ១១ឆ្នាំ យកកាំភ្លើងមកជេរប្រមាថ និងគំរាមកំហែងសម្លាប់ទាំងគ្រួសារ ជាអ្នកភូមិផងរបងជាមួយនោះ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌសែនសុខ ចាប់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។។

សូមរំលឹកថា បើតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានលើកឡើងថា នាងខ្ញុំឈ្មោះ អ៊ុក ស្រីរិន ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខៈ ០១០៩៨១១៣៩ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៤៧បេ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមគោរពជូន លោកមេបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌសែនសុខ ជាទីគោរពដ៏ខ្ពង់ខ្ពស់។

សុំប្តឹងឈ្មោះ ហ៊ីម សំបូរ ភេទប្រុស កើតថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦២ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបច្ចុប្បន្ន បម្រើការងារ នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស មានឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ឯក បានជេរប្រមាថ សំឡុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារ ដោយអាវុធខ្លីកាន់ដើរមក សំដៅកន្លែងអ៊ុតសក់នាងខ្ញុំ ។

ជនរងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៨និង២០នាទី នៅចំណុចមុខផ្ទះលេខ២៤៦ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឈ្មោះ ហ៊ឹម សំបូរ ដែលមានដីផ្ទះជិតផ្ទះនាងខ្ញុំ បានដើរកាន់អាវុធខ្លីមិនស្គាល់ម៉ាកចំនួន១ (មួយ)ដើម កាន់ដើរកាត់មុខផ្ទះនាងខ្ញុំ ឆ្ពោះទៅហាងអ៊ុតសក់នាងខ្ញុំយីហោ (ជីជី សាឡន) ដោយបានធ្វើការសំឡុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារ ដោយអាវុធខ្លី។

នាងខ្ញុំសូមបញ្ជាក់ផងដែរថា ឈ្មោះ ហ៊ឹម សំបូរ តែងតែរករឿងឈ្លោះ ជាមួយក្រុមគ្រួសារនាងខ្ញុំជាញឹកញាប់ ចាប់តាំងពីនាងខ្ញុំបាន សាងសង់ផ្ទះល្វែងអំពីថ្មរួចមក ឈ្មោះនេះតែងតែ មិនពេញចិត្តនឹង ក្រុមគ្រួសារនាងខ្ញុំ។

លើសពីនេះទៅទៀត ឈ្មោះ ហ៊ីម សំបូរ តែងតែកាន់អាវុធខ្លី ដើរគំរាមកំហែងអ្នកជិតខាង ណាដែលបានឈ្លោះជាមួយគេ ហើយសំឡុតនិងបានបោះពាក្យសម្តីថា ហែងធ្វើមិនឈ្នះអញទេ ដែលទង្វើទាំងនេះ គឺជាអំពើដែលខុសនឹង ផ្លូវច្បាប់ទាំងស្រុង ព្រោះឈ្មោះខាងលើនេះ ក្នុងនាមជាសមត្ថកិច្ច ដឹងច្បាប់ហើយនៅតែប្រព្រឹត្តខុស ទង្វើទាំងអស់នេះ ធ្វើឱ្យនាងខ្ញុំរស់នៅមិនបានសុខ ដោយការគំរាមកំហែង ថាសម្លាប់ទាំងគ្រួសារ ហើយបុរសនោះតែងនិយាយថា «ដោយសុខចិត្តស្លាប់ផងដែរ»។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោកមេបញ្ជាការ មេត្តាពិនិត្យ និងជួយរកយុត្តិធម៌ជូននាងខ្ញុំ ស្របតាមនីតិវិធីច្បាប់ ដោយក្ដីអនុគ្រោះ៕