នាំកូនទៅ​ដាក់​បង្កៃ​ត្រី​​ជាមួយ​ ភ្លេចមើលមួយភ្លែត កូនចុះលេងលង់ទឹក​ស្លាប់​ម្នាក់​ និង​ម្នាក់​កំពុង​សង្គ្រោះ​បន្ទាន់​

0

ភ្នំពេញ៖​ នេះ​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​សង្វេគ​ណាស់​ ឪពុក​ទៅ​ដាក់​បង្កៃ​ និង​នាំ​កូនស្រី​ ២​នាក់​ទៅ​ជាមួយ​ ដោយ​ជាប់រវល់​កូន​ទាំង​ ២នាក់​ចុះ​លេង​ទឹក​ បណ្តាល​ឲ្យ​លង់​ស្លាប់​ម្នាក់​ និង​ម្នាក់​ទៀត​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​ ករណី​ក្មេង​លង់ទឹក​នេះ​ កើតឡើង​កាលពី​ម៉ោង​ ១៦​និង​០០​នាទី​ ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅ​ត្រង់​ចំណុច​អូរ​ស្ងួត​ចម្ងាយ​ប្រហែល ​១​គីឡូម៉ែត្រ​ ខាងកើត​ភូមិ​អូរ​ដង្កោ​ ឃុំ​រហាត់ទឹក​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​អធិការ​នគរបាល ​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា ក្មេង​រង​គ្រោះ​ទាំង​ ២​នាក់​មានឈ្មោះ​ ខន​ សុខ​លាង​ អាយុ​៧​ឆ្នាំ​ ជា​កូនស្រី​បង​ដោយសារ​ អាកា​រៈ​ធ្ងន់ធ្ងរ​ពេក​ គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ ។​ ចំណែក​ប្អូនស្រី​ឈ្មោះ​ ខន​ សុខ​លី​ន​ អាយុ​២​ឆ្នាំ​ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ធំ​ស្រុក​មង្គល​បូ​រី​ ។​

​លោក​អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ នៅ​មុន​ពេល​កើតហេតុ​ ឪពុក​បាន​ទៅ​ដាក់​បង្កៃ​ នៅ​ចំណុច​ខាងលើ​ហើយ​បាន​ យក​កូនស្រី​ទាំង ​២​នាក់​ទៅ​ផង​ ស្រប​ពេល​នោះ​ ឪពុក​បាន​ឆ្លង​ប្រឡាយ​ទៅ​ដាក់​បង្កៃ​ ដោយ​ទុក​កូន​នៅ​ម្ខាង​ប្រឡាយ​ លុះ​ដាក់​បាន​ប្រហែល​ ៣០​បង្កៃ​ ឃើញ​កូន​លង់ទឹក​ក៏​ស្ទុះរ​ត់ទៅ​ជួយ​ស្រង់​ យក​មក​ផ្ទះ​រួច​ក៏​បញ្ជូន​ទៅ​ ពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​ស្រុក​មង្គល​បូ​រី​ ។​ ក្រោយ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ ​យ៉ាង​យកចិត្តទុកដាក់​រួច​មក​ ប្អូនស្រី​ឈ្មោះ​ ខន​ សុខ​លី​ន​ សង្គ្រោះ​បាន​រួច​ផុត​ពី​សេចក្តីស្លាប់​ ចំណែក​ឈ្មោះ​ ខន​ សុខ​លាង​ អាយុ​៧​ឆ្នាំ​ ជា​បងស្រី​បាន​ស្លាប់​ ។​

​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕