ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថា តបតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាលកូរ៉េ បានឯកភាពជួយសាងសង់ស្ពានមួយ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល។ នេះយោងតាមហ្វេសប៊ុក គណបក្សប្រជាជនកម្ពុជា ។
ប៉ុន្តែទោះបីជាយ៉ាងណា ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនទាន់អាចបញ្ជាក់ពីទីតាំង និងទំហំទឹកប្រាក់ដែលត្រូវ សាងសង់នៅឡើយនោះទេ គ្រាន់តែបញ្ជាក់ថា ជាស្ពានឆ្លងកាត់ទន្លេ និងមានទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ លោកថា បញ្ហានេះក្រុមការងារបច្ចេកទេស នៃប្រទេសទាំងពីរកំពុងសិក្សា និងរើសទីតាំង ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីដើមឆ្នាំ២០២០នេះ សម្តេចបានស្នើទៅកាន់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៊ីន ជួយសាងសង់ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា។
សម្តេចតេជោ បានលើកឡើងថា បច្ចុប្បន្នមានស្ពានមិត្តភាពកម្ពុជា-ចិន, ស្ពានមិត្តិភាពកម្ពុជា-ជប៉ុន ឆ្លងកាត់ទន្លេអស់ហើយ។ តែមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេនៅឡើយ ដូច្នេះសម្តេចក៏បានស្នើប្រធានាធិបតីកូរ៉េ ជួយសាងសង់ស្ពានមិត្តភាពឆ្លងកាត់ទន្លេ។
សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេដែលសម្តេចចង់សាងសង់នោះ គឺតភ្ជាប់រាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រទឹកដីជ្រោយចង្វា ឆ្ពោះទៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ស្ពានឆ្លងកាត់ទន្លេតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅឃុំស្វាយជ្រុំ ជាមិទ្ធផលមួយដែលពលរដ្ឋក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលរំពឹងចង់ឃើញ ជាយូរណាស់មកហើយ។ បើសិនជាស្ពាននេះលិចចេញជារូបរាង នឹងក្លាយជាសម្បត្តិដ៏មហាសាល សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ពួកគេ៕