ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានស្ទាក់បង្ក្រាបរថយន្តមួយគ្រឿង ដែលដឹកសត្វគ្រួចចំនួន ៥០កេស ទម្ងន់ ១,៥តោន ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីម៉ោងជាង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចជាតិលេខ៣ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះដែរ គឺក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ , ក្រុមការងារ បានចុះស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាក HYUNDAI ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ ៣,៥តោន ពាក់ស្លាកលេខកំពត 3A-0970 ដឹកសត្វគ្រួច ចំនួន៥០កេសស្មើនឹង ១,៥០០គីឡូក្រាម ។ រថយន្តមួយនេះ បានដឹកចេញមកពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកព្រែកចាក ខេត្តកំពត ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនសត្វ ពីក្រសួងកសិកម្ម នោះទេ ។
បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបាននាំយកទៅ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕



