មកនៅស្រុកគេហើយ ធ្វើខុសច្បាប់ទៀត! វ៉ៃខ្នោះជនជាតិចិន ២នាក់ ដកហូតថ្នាំញៀនជាង ១គីឡូក្រាម

0

ភ្នំពេញ៖ ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១:៤០នាទី កម្លាំងជំនាញ (ក៣) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំលោក ប្រុញ សាន និងលោក ភឹម ច័ន្ទតារា នាយករងមន្ទីរ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួល ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចក្បែររង្វង់មូលសម្ដេចសង្ឃជួនណាត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនោះឃាត់ខ្លួនជនសង្ស័យ ២នាក់៖ ១-ឈ្មោះ ហ្សេវ ចឹងអ៊ី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ។ ២-ឈ្មោះ យូ ហៃយ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ។

ចំណែកវត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ១០០០.៦៦ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំ រឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕