ភ្នំពេញ៖ បើតាមសេចក្តីរាយការណ៍បឋមបាន ឲ្យដឹងថា មានបុរសជនជាតិខ្មែរ-ឥស្លាមម្នាក់ ត្រូវបានគេប្រទះឃើញ ដេកបាត់បង់ជីវិត នៅក្បែរមាត់ស្រះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សេចក្តីរាយការណ៍បន្តថា បុរសរងគ្រោះខាងលើឈ្មោះ យ៉េប សុខក្រី អាយុ៣២ឆ្នាំ មុខរបរ អ្នកនេសាទ ជាជនជាតិខ្មែរ-អ៊ិស្លាម រស់នៅតែលើទូក ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយជនរងគ្រោះស្លាកស្នាម របួសបែកក្បាលហូរឈាម ជាច្រើនកន្លែង ដោយគេសង្ស័យថា ជនរងគ្រោះអាចជាន់ដានចោរលួចចេក ពងមាន់២ស្ទង ហើយត្រូវគេដេញ វាយផ្តាច់ជីវិត ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ តាមការបំភ្លឺរបស់ប្រជាពលរដ្ឋ ដែលនៅជិតនោះ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍សិត្បូ ទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋពី៣០ទៅ៤០នាក់ ខ្លះមានកាន់ដុំថ្ម ខ្លះកាន់ដំបងឈើ បាននាំគ្នារត់ដេញគប់ និងវាយទៅលើជនសង្ស័យម្នាក់ ដែលជាជនរងគ្រោះ ដោយបានស្រែកថា ជាចោរធ្វើសកម្មភាព លួចចេកពងមាន់ របស់គេ២ស្ទង នៅកោះអន្លង់ចិន ហើយរត់ហែលឆ្លងទឹកទន្លេ មកខាងក្រោយរោងចក្រ ហ្គោលហ្វែមនេះ ។
ប្រភពដដែលបន្តថា លុះពេលកម្លាំងសមត្ថកិច្ចទៅដល់ ក៏ស្រាប់តែឃើញបុរសម្នាក់រងគ្រោះ បានដេកបាត់បង់ជីវិត នៅជាប់នឹងមាត់ស្រះបាត់ ទៅហើយ ដោយមានរបួសស្នាម រយះក្បាល ហូរឈាមជាច្រើន កន្លែងទៀតផង ។
បន្ទាប់មកសមត្ថកិច្ចនគរបាលជំនាញ បច្ចេកទេសខេត្តកណ្តាល ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យនិងអាជ្ញាធរ បានចុះទៅពិនិត្យសាកសព ដោយឃើញថា សពមានស្នាមបែកបបូរមាត់ ក្រោមខាងស្តាំ ដាច់ដល់សាច់ខាងក្នុង និងមានស្នាមរបួស ខាងលើក្បាលប្រវែង១០ស.ម ជំរៅដាច់ដល់លលាដ៍ក្បាល ។
ករណីខាងលើនេះ បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានឲ្យដឹងថា ជនរងគ្រោះបានបាត់បង់ជីវិត ដោយសារតែការប៉ះទង្គិចនឹងវត្ថុរឹង មុខមុតលើផ្នែកក្បាលធ្ងន់ធ្ងរ ។ ប៉ុន្តែសមត្ថកិច្ច មិនទាន់បានបញ្ជាក់ច្បាស់ថា ករណីបុរសរងគ្រោះ ដែលបាត់បង់ជីវិតនោះ ដោយសារតែមូលហេតុអ្វីនៅឡើយទេ គ្រាន់តែមានពាក្យលេចចេញ មាត់មួយទៅមាត់មួយថា ជនរងគ្រោះដែលបាត់បង់ជីវិតនោះ គឺជាជនសង្ស័យ ជាន់ដានចោរលួចចេកពងមាន់ ២ស្ទង ហើយត្រូវអ្នកស្រុកដេញវាយ និងប្រើដំថ្មគប់ រហូតដល់បាត់បង់ជីវិត រួចចោលសាកសពនៅមាត់ស្រះតែម្តង ។ យ៉ាងណាក្តី សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕