ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញវាយកូនគោលជាលើកដំបូងក្រោយធ្វើចត្តាឡីស័ករកមេរោគកូវីដ១៩ អស់រយៈពេល១៤ថ្ងៃ និងរវល់ដោះស្រាយជំនន់ទឹកភ្លៀងឲ្យប្រជាពលរដ្ឋ។
ក្រោយចេញវាយកូនគោលនេះ សម្តេចក៏បានសូម អភ័យទោសដែលយកថ្ងៃធ្វើការ មកវាយកូនគោល តែទោះបីជាយ៉ាងក៏សម្ដេចបានពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារនានារួចហើយ និងពេល ល្ងាចសម្ដេចបន្តការងារដដែល។
យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ដោយសារជាប់រវល់ ពិសេសការដោះស្រាយជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់បូកបន្ថែម ដោយ ការធ្វើចត្តាឡីសក័១៤ថ្ងៃ សម្ដេចមិនបានវាយ កូនគោល ឬហាត់ប្រាណជាង១ខែមកហើយ។
សម្ដេចតេជោ បញ្ជាក់ថា ថ្ងៃនេះចេញវាយកូនគោល លើកដំបូងជាមួយសំភារៈថ្មីពិនិត្យឃើញថា កម្លាំង វាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាកក្នុងបន្ទប់១៤ថ្ងៃ។សម្ដេចថា អ្វីដែលប្លែកគឺក្បាលពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរឲ្យបានពី ៨ទៅ១០ គីឡូម៉ែត្រ។
សម្ដេចតេជោ មានប្រសាសន៍ថា «សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការ មកវាយកូនគោលតែ ខ្ញុំបាន ពិនិត្យសម្រេច និងចុះហត្តលេខាលើឯកសារនានា រួចហើយ និងពេលល្ងាចខ្ញុំបន្តការងារដដែល»។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «លាហើយព្រឹត្តិការណ៍ ៣វិច្ឆិកា» ៕