ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ ទៅកាន់ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង អភិបាលរាជធានី-ខេត្តទាំងអស់ បើកឡើងវិញនូវសារមន្ទីរ និងរោងភាពយន្ត ទាំងអស់នៅកម្ពុជា ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសារពិសេសណែនាំទៅអាជ្ញាធរពាក់ព័ន្ធ រួមទាំងអភិបាលរាជធានី-ខេត្ត ដោយអនុញ្ញាតឲ្យបើកឡើងវិញសារមន្ទីរ និងរោងភាពយន្ត។
យោងតាមលិខិតផ្ញើទៅកាន់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងអភិបាលរាជធានី-ខេត្ត នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ , លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវរោងភាពយន្ដ និងសារមន្ទីរនាន នៅទូទាំងប្រទេស ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ និងត្រូវគោរពតាមគោលការណ៍ប្រតិបត្តិស្ដង់ដារ ការពារការចម្លងមេរោគកូវីដ-១៩ ដែលក្រសួងសុខាភិបាល បានណែនាំឲ្យអនុវត្តកន្លងមក មុនព្រឹត្តិការណ៍ ៣ វិច្ឆិកា»។
សូមជម្រាបថា ទោះបីអនុញ្ញាតឲ្យបើកឡើងវិញយ៉ាងណាក្តី តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានជម្រាបជូន រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងអភិបាលរាជធានី-ខេត្ត បន្តយកចិត្តទុកដាក់ និងគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដារការពារការចម្លងមេរោគកូវីដ១៩។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្អាកដំណើរការឡើងវិញនូវសកម្មភាពនៅតាមសារមន្ទីរ និងរោងភាពយន្ត ក្រោយកើតមានព្រឹត្តិការណ៍ ៣វិច្ឆិកា។ ព្រឹត្តិការណ៍នេះ ត្រូវបានបិទបញ្ចប់ហើយ បន្ទាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការនេះ ១,៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនោះទេ៕