ព្រឹត្តិការណ៍ ៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ត្រឹម ថ្ងៃ២៥ វិច្ឆិកា

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា បើគ្មានអ្វីប្រែប្រួល ហើយអ្នកពាក់ព័ន្ធទាំងអស់ ទទួលលទ្ធផលតេស្ត អវិជ្ជមានកូវីដ១៩នោះ ព្រឹត្តិការណ៍ ៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលលទ្ធផលអវិជ្ជមានកូវីដ១៩ ជាលើកទី៤ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ ។

ក្នុងពេលរង់ចាំការធ្វើតេស្ត ចំពោះបងប្អូនផ្សេងទៀត សម្ដេចតេជោ ប្រកាសតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៨ វិច្ឆិកានេះថា ព្រឹត្តិការណ៍ ៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័ក តាមពេលវេលាដូចខាងក្រោម៖

១.សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន ១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន ៥នាក់) ដោយរាប់ទាំងអ្នកវិជ្ជមាន ៤នាក់ ក្នុងនោះជាសះស្បើយ ១នាក់ និង៣នាក់កំពុងព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។  ខេត្តកណ្តាលចំនួន ៦៧នាក់ ខេត្តពោធិសាត់ចំនួន ៤០នាក់ ខេត្តព្រៃវែងចំនួន

២៣នាក់ ខេត្តកំពង់ធំចំនួន ៣នាក់។

២.សម្រាប់ថ្ងៃ២១ វិច្ឆិកា ២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន ១១នាក់។

៣.សម្រាប់ថ្ងៃ២៣ វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។

៤.សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្ត ព្រះវិហារចំនួន ២០នាក់ ខេត្តរតនគិរីចំនួន ១០នាក់។

ទន្ទឹមគ្នានោះសម្ដេចតេជោ បានរំលឹកចំពោះអាជ្ញាធរមូលដ្ឋាន ដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័ក ដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ ត្រូវណែនាំឱ្យបងប្អូនបន្ត ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹង ការតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃឡើងវិញ ព្រោះផ្នែកសុខាភិបាលកំណត់រយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត។

សម្ដេចប្តថា ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត ១៨០២នាក់ នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការ ធ្វើតេស្តនិងការធ្វើចត្តាឡីស័ក បានត្រឹមត្រូវរយៈពេល ១៤ថ្ងៃ ដែលបញ្ហានេះសម្ដេច បានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។

ប្រតិបត្តិការនៃព្រឹត្តិការណ៍ ៣វិច្ឆិកា ពិតជាធំធេងនឹងស្មុគស្មាញ ក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធ ព្រោះវាទាក់ទងដល់មនុស្សច្រើន នឹងរាជធានីខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើន

ដែលលំបាកដល់ការស្វែងរក។ ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាពនិងសហការណ៍ល្អ យើងអាចធ្វើបានដោយរកឃើញ គ្រប់មនុស្សពាក់ព័ន្ធមិនឱ្យបាត់ដាន ដែលជាមូលហេតុឆ្លងចូលសហគមន៍ បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង។

សម្ដេចគូសបញ្ជាក់ថា បទពិសោធន៍ជោគជ័យរបស់យើង នៅពេលនេះក៏ដូចជាពេលកន្លងមក គឺស្ថិតនៅលើល្បឿននៃការគ្រប់គ្រង សភាពការណ៍ទាន់ពេលនឹងមាន កិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីស្វែងរកមុខសញ្ញាដែលមាន ការពាក់ព័ន្ធទាំងផ្ទាល់ ទាំងប្រយោលយកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ៕