ភ្នំពេញ៖ កុមារ៉ាអាយ ៣ឆ្នាំម្នាក់ ត្រូវបានឳពុកមាន យកស្មាសម្រាប់ហាលខោ អាវ វាយបណ្ដាលឲ្យមាន ស្នាមជាំពេញខ្លួនប្រាណ ដោយសារតែខឹងកូននោមដាក់ចានបាយ ចានសម្ល ។ ហេតុការណ៍នេះបានកើតឡើង កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
ករណីនេះជនបង្កជាឪពុកមា ត្រូវបាននគរបាលឃាត់ខ្លួន ចំនែកក្មេងប្រុសរងគ្រោះដែលជាក្មួយ មានអាយុ៣ឆ្នាំ កំពុងត្រូវបានព្យាបាល។
ជនរងគ្រោះឈ្មោះ ខៃ ម៉េងហ៊ាង អាយុ៣ឆ្នាំ (ក្នុងបន្ទុក) មានឪពុកឈ្មោះយ៉យ សុខខៃ អាយុ២៨ឆ្នាំ និងម្ដាយឈ្មោះអុំ ចាន់បូរី អាយុ៣១ឆ្នាំ ជាកសិករ ។ ចំណែកជនសង្ស័យឈ្មោះ រិន ហ៊ាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ។ អ្នកទាំងពីររស់នៅភូមិ ឃុំ កើតហេតុជាមួយគ្នា ។
បើតាមប្រភពព័ត៌មានបានរៀបរាប់ថា ឪពុកម្ដាយរបស់កុមារាឈ្មោះ ខៃ ម៉េងហ៊ាង លែងលះគ្នាតាំងពីឆ្នាំ២០១៨ ហើយក៏បានចេញទៅរក ការងារធ្វើនៅឯខេត្តផ្សេងៗគ្នា, ចំណែកឈ្មោះ រិន ហ៊ា ត្រូវជាឪពុកមា ក៏បានយកកុមារា (ម៉េង ហ៊ាង) មកចិញ្ចឹមនៅក្នុងបន្ទុករបស់ខ្លួន។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុខាងលើ កុមារាឈ្មោះ ម៉េង ហ៊ាង វាយំពុំដឹងមូលហេតុ នោមដាក់ចានបាយនិងចានសម្ល ឈ្មោះរិន ហ៊ា លួងលោមមិនស្ដាប់ ក៏យកស្មាសម្រាប់ហាលខោ អាវ វាយចំនួនពីរស្មាខោអាវ បណ្ដាលឲ្យមានស្នាមជាំលើខ្លួនប្រាណ។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកចិត្របុរី និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចង្ក្រង់ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍រដ្ឋបាល កសាងសំណុំរឿងតាមនីតិវិធី ៕