ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលលទ្ធផលអវិជ្ជមានកូវីដ១៩ ជាលើកទី៤ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៨ វិច្ឆិកានេះ សម្ដេចតេជោ បានបញ្ជាក់ថា «លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ គឺល្អណាស់សម្រាប់ខ្ញុំ និងភរិយាព្រមទាំងអ្នកនៅជាមួយ ដែលបានបង្ហាញច្បាស់ថា អវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺ ដ៍កាចសាហាវនេះទេ»។
សម្ដេចបន្តថា ចាប់ពីថ្ងៃស្អែក១៩ វិច្ឆកា ២០២០ សម្ដេចនឹងចេញទៅធ្វើការ ឬហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤ វិច្ឆកាឡើងវិញ តែសម្ដេចនៅតែមិនទាន់ឱ្យ កូននិងចៅរបស់សម្ដេច មកផ្ទះរបស់សម្ដេចមួយរយៈទៀត ដើម្បីធានាឱយប្រាកដថា សម្ដេចគ្មាន មេរោគចម្លងទៅកូននិងចៅ របស់សម្ដេចនោះឡើយ។ សម្ដេចថា នេះជាក្តីស្រឡាញ់ដែលឪពុក និងជីតាផ្តល់ឱ្យកូនៗនិងចៅៗគឺសុវត្ថិភាពរបស់កូនៗ និងចៅៗជាទីស្រឡាញ់។
សម្ដេចតេជោ គូសបញ្ជាក់ថា ក្នុងពេលរង់ចាំការធ្វើតេស្ត ចំពោះបងប្អូនផ្សេងទៀតសម្ដេច អាចប្រកាសជូនជ្រាបថា ព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័ក តាមពេលវេលាដូចខាងក្រោម៖
១.សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន ១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់) ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង ៣នាក់កំពុងព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាលចំនួន ៦៧នាក់ ខេត្តពោធិសាត់ចំនួន ៤០នាក់ ខេត្តព្រៃវែងចំនួន
២៣នាក់ ខេត្តកំពង់ធំចំនួន ៣នាក់។
២.សម្រាប់ថ្ងៃ២១ វិច្ឆិកា ២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន ១១នាក់។
៣.សម្រាប់ថ្ងៃ២៣ វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។
៤.សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០ មានខេត្តព្រះវិហារចំនួន ២០នាក់ ខេត្តរតនគិរីចំនួន ១០នាក់។
ជាមួយគ្នានោះសម្ដេចក៏បានក្រើនរំលឹក ចំពោះអាជ្ញាធរមូលដ្ឋាន ដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័ក ដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ ត្រូវណែនាំឱ្យបងប្អូនឱយ បន្តធ្វើចត្តាឡីស័កឱយបានត្រឹមត្រូវ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹង ការតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃឡើងវិញ ព្រោះផ្នែកសុខាភិបាលកំណត់រយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត។
សម្ដេចបន្តថា ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត ១៨០២នាក់ នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្ត និងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល ១៤ថ្ងៃ ដែលបញ្ហានេះសម្ដេចបានពិភាក្សា យ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។ សម្ដេចថា ប្រតិបត្តិការនៃព្រឹត្តិការណ៍ ៣វិច្ឆិកា ពិតជាធំធេងនឹងស្មុគ្រស្មាញ ក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធព្រោះវា ទាក់ទងដល់មនុស្សច្រើននឹងរាជធានីខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើនដែលលំបាកដល់ការស្វែងរក។ ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាព និងសហការណ៍ល្អយើងអាចធ្វើបាន ដោយរកឃើញគ្រប់មនុស្សពាក់ព័ន្ធ មិនឱ្យបាត់ដានដែលជាមូលហេតុ ឆ្លងចូលសហគមន៍បង្កជា គ្រោះមហន្តរាយសម្រាប់ប្រជាជនយើង។ បទពិសោធន៍ជោគជ័យរបស់យើង នៅពេលនេះក៏ដូចជាពេលកន្លងមក គឺស្ថិតនៅលើល្បឿននៃការគ្រប់គ្រង សភាពការណ៍ទាន់ពេលនឹងមាន កិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីស្វែងរកមុខសញ្ញា ដែលមានការពាក់ព័ន្ធទាំងផ្ទាល់ ទាំងប្រយោលយកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។
ឆ្លៀតយកឱកាសនេះ សម្ដេចក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខ ដែលហ៊ានប្រឈមចំពោះ ជម្ងឺឆ្លងដ៏កាចសាហាវ ធ្វើការទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់។ សម្ដេចបានផ្ញើនូវការគោរព និងថ្លែងអំណរគុណចំពោះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានខិតខំជួយទៅលើការ ធ្វើតេស្តដោយភាពហ្មត់ចត់ នឹងការទទួលខុសត្រូវខ្ពស់។
សម្ដេចក៏អរគុណផងដែរ ដល់បងប្អូនដែលជាប់ពាក់ពន្ធ័ ទាំងដោយផ្ទាល់ និងដោយប្រយោលដែលបាន អត់ធ្មត់រស់នៅដាច់ ដោយឡែករយះពេល ១៤ថ្ងៃតាម ល័ក្ខខណ្ឌ័តម្រូវនៃការធ្វើចត្តាឡីសក័។
សម្ដេចតេជោថ្លែងថា ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា មិនមែនមានន័យថាយើងបញ្ចប់ ការខិតខំដើម្បីប្រយុទ្ធជាមួយកូវីដ១៩នោះទេ ផ្ទុយទៅវិញយើងត្រូវខិតខំច្រើនជាងមុន ដើម្បីទប់ស្កាត់ឃាដករលាក់មុខ ដែលយើងមើលមិនឃើញ តាមរយៈការពាក់ម៉ាស ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាព។ល។ តាមការណែនាំ របស់ក្រសួងសុខាភិបាល។ ត្រូវចងចាំថា ប្រជាជនក្នុងលោកនិយាយជារួម នឹងប្រជាជនកម្ពុជានិយាយ ដោយឡែកស្អប់កូវីដ១៩ ខ្លាំងណាស់ តែកូវីដ១៩ មិនត្រឹមតែមិនស្អប់យើងវិញនោះទេ តែវាថែមទាំងស្រឡាញ់យើងទៀតផង ដែលការស្រឡាញ់របស់វា មកលើយើងនឹងធ្វើឱ្យយើងស្លាប់ ឬខូចខាតសុខភាពតែប៉ុណ្ណោះ។
សម្ដេចតេជោលើកឡើងថា ត្រូវចងចាំថា ការដែលកម្ពុជាមានមនុស្សឆ្លងតិច នឹងមិនមានមនុស្សស្លាប់មិនមែន មកពីយើងមានឈាមជាខ្មែរអង្គរ ដែលមានឈាមក្រហមពិសេស អាចប្រឆាំងជាមួយកូវីដ១៩ បានដូចមនុស្សខ្លះបានអះអាងនោះទេ (សម្ដេចសង្ឃឹមថា អ្នកអះអាងបែបនេះនឹងមាន សេចក្តីក្លាហានពិតប្រាកដចូលទៅ បំរើអ្នកកើតកូវីដ១៩ ដោយមិនមានសំភារៈការពារខ្លួន តើឆ្លងឬមិនឆ្លង? ដើម្បីបានជាប្រយោជន៍សម្រាប់ ការស្រាវជ្រាវវិទ្យាស្ត្រផងនឹង ដើម្បីកូនខ្មែរដែលមានឈាមក្រហម ពិសេសមិនបាច់ការពារខ្លួនដូចសព្វថ្ងៃផង។ ប្រសិនជាអាចធ្វើបានមែន អង្គការសុខភាពពិភពលោក ប្រាកដជាប្រកាសទទួលស្គាល់អ្នកថា ជាអ្នកវិទ្យាសាស្ត្រដ៏ កំពូលគ្មានពីរក្នងលោក) ។ ឬបានមកពីការកត្តាអាកាសធាតុ ដែលធ្វើឱយកូវីដ១៩ មិនអាចឆ្លងចូលបាននោះដែរ។
សម្ដេចថ្លែងថា ជោគជ័យរបស់យើងបានមកពី ការខិតខំរួមគ្នាទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ដែលមានក្រសួងសុខាភិបាល ពិសេសក្រុមគ្រូពេទ្យជាប្រតិបត្តិករដ៏ មានប្រសិទ្ធភាពនឹងសំខាន់ជាងទៀត គឺប្រជាជនកម្ពុជាគ្រប់រូបចូលរួម អនុវត្តន៍នូវវិធានការណ៍ដែល ដាក់ចេញដោយរាជរដ្ឋាភិបាល ដោយក្រសួងសុខាភិបាល ដោយអាជ្ញាធរថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ដែលសម្ដេច សុំយកឱកាសនេះសំដែងនូវ អំណរគុណចំពោះជនរួមជាតិគ្រប់រូប នឹងថ្លែងអំណរព្រះគុណ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គព្រមទាំង សប្បុរសជនដែលបានចូលរួមជួយជា ថវិកាសំភារៈដើម្បីប្រយុទ្ធជាមួយ ជម្ងឺដ៏កាចសាហាវនេះ។
សម្ដេចតេជោ គូសបញ្ជាក់ថា យើងបិទបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា សំដៅឱយក្រសួងអប់រំយុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការគ្រប់ផ្នែក គ្រប់វិស័យវឹលទៅរកភាពប្រក្រតី ដូចមុនថ្ងៃ ៣វិច្ឆកាឡើងវិញ តែការប្រយុទ្ធជាមួយកូវីត-១៩ នៅតែជាអាទិភាពនៃការងារ របស់យើងទាំងអស់គ្នាដដែល។ សម្ដេចថា ព្រឹត្តិការណ៍ ៣វិច្ឆកា បានបង្រៀនយើង បានរំលឹកយើង បានដាស់តឿនយើង និងបានណែនាំយើងឱយ មានការប្រុងប្រយ័តជានិច្ច ទើបអាចយកឈ្នះលើកូវីដ១៩បាន។ ត្រូវម្ចាស់ការទប់ស្កាត់ជាមុន តាមវិធីការពារប្រសើរជាងការ ព្យាបាល ៕