ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវដល់អ្នកពាក់ព័ន្ធ នឹងព្រឹត្តិការណ៍៣ វិច្ឆិកា ទៅធ្វើតេស្ដជាលើកទី៤ និងជាលើកចុងក្រោយបំផុត ហើយក៏ជាថ្ងៃសំខាន់បំផុត សម្រាប់ការវាយតម្លៃបិទបញ្ចប់ នូវព្រឹត្តិការណ៍៣វិច្ឆិកា។
តាមរយៈសារជាសំឡេងរយៈពេលជិតមួយនាទី លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា « ស្អែកនេះយើងនឹងធ្វើតេស្ដលើកទី៤ ហើយក៏សូមអំពាវនាវ និងសូមជម្រាបជូនទៅដល់ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីអញ្ជើញមកធ្វើតេស្ដលើកទី៤នេះអោយបានគ្រប់គ្នា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្អែកនេះ នៅទីស្ដីការណ៍គណៈរដ្ឋមន្រ្តី និងវិមានសន្តិភាព ហើយការធ្វើតេស្ដលើកទី៤នេះ គឺជាការធ្វើតេស្ដចុងក្រោយ ហើយជាការធ្វើតេស្ដសំខាន់ មែនទែនសម្រាប់ការវាយតម្លៃបិទបញ្ចប់ នូវព្រឹត្តិការណ៍៣វិច្ឆិកានេះ »។
សូមជំរាបថា លទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអ្នកនៅជុំវិញ សម្តេចទាំងអស់កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ទទួលបានលទ្ធផល «អវិជ្ជមាន» ។
សូមរំលឹកថា គិតចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្ដអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា សរុបចំនួន៣៩១៨ វត្ថុសំណាក ក្នុងនោះ មានវិជ្ជមានតែចំនួន៤នាក់ប៉ុណ្ណោះ គឺលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ព្រមទាំងអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ប៉ុន្តែបើយោងតាមសេចក្ដីប្រកាសព័ត៍មាន របស់ក្រសួងសុខាភិបាល កាលពីព្រឹកមិញនេះ បានអោយដឹងថា លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ បានព្យាបាលជាសះស្បើយវិញហើយ៕