ភ្នំពេញ ៖ លោក ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការដ្ផាននគរបាលខេត្តកំពត បន្ទាប់ពីប្រកាសថា នឹងរកយុត្តិធម៏ជូនអ្នករងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៏បុករត់ នៅស្រុកអង្គរជ័យ អោយបាននោះ ពេលនេះលោក ស្នងការបានដាក់កំហិត អោយម្ចាស់រថយន្ត Ford ពាក់ស្លាកលេខ ភ្នំពេញ 2BJ-2235 ចូលមកដោះស្រាយ អោយបានឆាប់ជាទីបំផុត។
យោងតាមផេកហ្វេសប៊ុក ផ្លូវការស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាបបង្ហាញអត្តសញ្ញាណជនបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ជនបង្កនោះឈ្មោះ ឆាយ សុខហៃ ភេទប្រុស កើតថ្ងៃទី០៧-០៦-១៩៩០ ទីកន្លែងកំណើត ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។ បច្ចុប្បន្ន ស្នាក់នៅភូមិព្រៃឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។
ជាមួយគ្នានោះដែរ នគរបាលខេត្តកំពត សូមអញ្ជើញម្ចាស់រថយន្តបង្កចូលមកដោះស្រាយ នៅស្នងការដ្ឋានអោយបានឆាប់ជាទីបំផុត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០២០ វេលាម៉ោង១៧និង២០នាទី មាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩-១០ ស្ថិតត្រង់ចំណុចភូមិត្រពាំងស្លា ឃុំសំឡាញ ស្រុកអង្គរជ័យ (រវាងម៉ូតូនិងរថយន្ត ដែលមានទិសដៅស្របគ្នាពីជើងទៅត្បូង)។
អ្នកបើកបរម៉ាក HONDA Dream C125 ពណ៌ខ្មី ពាក់ស្លាកលេខ 1O-5154 កំពត ឈ្មោះ ដេន ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្រែត្រែង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត រងរបួសស្រាល ពាក់មួកសុវត្ថិភាព ម៉ូតូខូចខាតស្រាល និងមានអ្នករួមដំណើរចំនួន២នាក់ ១-ឈ្មោះ ម៉ន ស្រីអូន ភេទស្រី អាយុ២១ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ បាក់ជើងស្តាំ បញ្ជូនមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ តាមរថយន្តសង្គ្រោះ ២-ឈ្មោះ នេន វិសាល ភេទប្រុស អាយុ៤ឆ្នាំ ត្រូវជាកូនរងរបួសស្រាល ។ ចំណែកអ្នកបើកបររថយន្តបង្ក ក្រោយពេលកើតហេតុ បានបើករត់គេចបាត់ ដោយមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ តែបានជ្រុះកាងខាងមុខជាប់ស្លាកលេខរថយន្តនៅកន្លែងកើតហេតុ 2BJ-2235 ភ្នំពេញ
(សូមបញ្ជាក់ករណីខាងលើនេះ រថយន្តបានបត់ឆ្វេង ត្រឡប់ក្រោយ)។
សម្ភារវត្ថុតាង ដែលមានការពាក់ព័ន្ធក្នុងករណីខាងលើនេះ មានម៉ូតូចំនួន ១គ្រឿងបានប្រគល់អោយម្ចាស់ប្រើប្រាស់បណ្តោះអាសន្ន ៕







