ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងធ្វើការផ្សព្វផ្សាយប្រកាស ស្តីពីការបិទតម្លៃប្រាក់រៀលលើមុខទំនិញ និងសេវាគ្រប់ប្រភេទ នៅម៉ាតមួយចំនួន ក្នុងតំបន់កាស៊ីណូ ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោម នៅលើសម្បកវេចខ្ចប់ផលិតផល ម្ហូបអាហារ។ ជាមួយគ្នានោះ មន្ត្រីយើងបានពន្យល់ណែនាំ អាជីវករឱ្យយល់ដឹងកាន់តែច្បាស់ អំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការបិទស្លាកតម្លៃប្រាក់រៀល លើផលិតផលទំនិញ និងសេវា ក្នុងគោលបំណងដើម្បីលើកស្ទួយ រូបិយប័ណ្ណជាតិស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១០មុខ ក្នុងនោះដែល មន្ត្រីជំនាញបានសង្គេតឃើញថា ផលិតផល ដែលហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួន ត្រូវបានអ្នកលក់លួចបន្លំបិទស្លាកតម្លៃប្រាក់បាត ជាន់លើកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់។ ដោយយល់ថា អំពើល្មើសមិនសុច្ចរិតបែបនេះ គឺជាការប្រព្រឹត្តិលើកទី១ ហេតុនេះមន្រ្តីជំនាញ បានធ្វើការពន្យល់ណែនាំ និងព្រមានតាមរយៈ កិច្ចសន្យាផ្តិតមេដៃ។
បន្ទាប់មក មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ ក៏បានធ្វើការណែនាំ ដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕








