បើកឡានដឹកខ្សាច់ ឃើញអ្នកស្គាល់គ្នាជិះម៉ូតូ ក៏​ចុចស៊ីផ្លេលេង​ មានអីភ្ញាក់ចូលក្រោមកង់ កិនបែកក្បាលស្លាប់ភ្លាមៗ

0

​ភ្នំពេញ៖ ​បុរសជាមេការ​ផ្នែក​ប្រព័ន្ធ​លូ​ម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយត្រូវ​រថយន្ត​ដឹក​ដីខ្សាច់ ​ក្នុង​ក្រុមហ៊ុនជាមួយ​គ្នា​កិន​បែកក្បាល​​ ខ​ណៈ​​ពេល​ដែលជនរងគ្រោះ​​ ជិះ​ម៉ូតូ​ទៅ​ទិញ​បាយ​ហូ​ប ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង​ ​៦៖​៤០​នាទី ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​វិ​ច្ឆិ​កា ឆ្នាំ២០២០ នៅ​តាម​ផ្លូវ​បេតុង ក្នុង​តំបន់​អភិវឌ្ឍន៍ របស់​ក្រុមហ៊ុន OCIC ​​នៅ​ភូមិ​ដើម​គរ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះមានឈ្មោះ យ៉ែ​ម វ​ណ្ណា ភេទ​ប្រុស​ អាយុ​៤៥ឆ្នាំ ជា​មេការ​ផ្នែក​ប្រព័ន្ធ​លូ​របស់​ក្រុមហ៊ុន OCIC ​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ក្បែរ​កន្លែង​កើតហេតុ​ និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​បារាយណ៍ សង្កាត់​បារាយណ៍ ក្រុង​ព្រៃវែង ខណ្ឌ​ព្រៃវែង ។ ​ចំណែក​រថយន្ត​មួយគ្រឿង​ខាងលើ ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ​ ៣E-៨៨១៤​ បើកបរ​ដោយ​បុរស​ម្នាក់មិនស្គាល់អត្តសញ្ញាណ ​គឺ​​ជា​អ្នក​ស្គាល់គ្នា​ជាមួយ​នឹង​ជន​រង​គ្រោះ ​បានរត់​​គេចខ្លួន​បាត់​។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​​បាន​ជិះ​ម៉ូតូ​​ មួយគ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥​ ពាក់​ស្លាក​លេខ ព្រៃវែង ១R-៣៤៨២​ ចេញពី​កន្លែង​ស្គេ​ន​មេដៃ ហើយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​គោល​បំណងទៅ​ទិញ​បាយ​ហូប ។ ខ​ណៈ​ពេល​ជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែ​មាន​រថយន្ត​ដឹក​ខ្សាច់​ មួយ​គ្រឿង​ខាងលើ បើកបរ​ដោយ​អ្នក​ស្គាល់គ្នា ក៏បាន​​ចុចស៊ីផ្លេ​ទំនងជា​លេងសើច ជា​ហេតុ​ធ្វើ​អោយ​ជន​រង​គ្រោះ​ភ្ញាក់ ​ក៏បាន​រេ​ចង្កូត​ទៅ​ខាងស្តាំ​ដៃ​ ឡើង​ចិញ្ចើម​ផ្លូវ​ក្រឡាច់​ដួល ​ហើយ​គាប់​ជួន​ពេល​នោះ​រថយន្ត​ដឹកខ្សាច់​មក​ដល់​ក៏​កិន​បែកក្បាល បណ្តាល​ឱ្យ​បាត់បង់ជីវិត​​ យ៉ាង​អាណោចអាធ័ម​ទាំង​ព្រឹក​តែ​ម្តង ។

ក្រោយកើតហេតុ ​សព​ត្រូវ​បាន​ស្ត្រី​ជា​ភរិយា​ និង​បងប្អូន​បាន​ហៅ​រថយន្ត​ មក​ដឹក​បញ្ជូន​ទៅ​កាន់​ស្រុក​កំ​ណើ​ត ដើម្បី​​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​នគរបាល​ចរាចរណ៍ ចុះ​មកធ្វើ​ការ​​វាស់វែង​រួច​ប​ញ្ជូន​​ទៅ​កាន់ ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំធ្វើ​​ការ​ដោះស្រាយនៅពេលក្រោយទៀត​ ៕