ភ្នំពេញ៖ មានបុរសម្នាក់បានទំនាក់ទំនង មកលោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ទាំងយប់រៀបរាប់ថា ខ្លួនបានចាញ់បោកស្រីស្អាត់ម្នាក់ ដោយនាងប្រើវិធីរួមភេទតាម wifi ដើម្បីថតរូបភាព និងវីដេអូ គំរាមយកលុយ ។
លោក ដួង តារា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់មិញថា «ប្រយ័ត្នចូលអន្ទាក់ស្រីស្អាតអនឡាញ! សូមជួយសែចែករំលែកផង (Please Share- online Sex Scam) ។ មុននេះបន្តិច មានប្អូនប្រុសម្នាក់បានខលមកខ្ញុំទាំងយប់ ជាមួយនឹងសម្លេងភ័យៗ និយាយចេញមកញ័រៗ។ ខ្ញុំសួរគាត់ថាម៉េចបានជាប្អូន ខលមកទាំងយប់ម៉ោង ១១អញ្ចឹង? តើមានអ្នកណាធ្វើការម៉ោងនេះ? ហេតុអ្វីមិនរង់ចាំស្អែក? ប្អូនប្រុសប្រាប់ថា រង់ចាំមិនបានទេបង ព្រោះមានគេគម្រាមទារលុយ ទាំងយប់ ។ ខ្ញុំសួរថាស្រីឬប្រុស? គាត់ថាស្រី ព្រោះគាត់បាននិយាយគ្នាតាមវីដេអូខលតាម facebook messenger ដោយប្រើវិធីរួមភេទតាម wifi» ។
លោកបន្តថា ខាងស្រីស្អាត (ទំនងដូចជាបរទេស) បានថតរូបនិងវីដេអូខាងបុរសទុកទាំងអស់ ហើយគម្រាមទារលុយ $300 ទើបលុបចោល។ មកទល់ម៉ោងនេះគឺទម្លាក់ថ្លៃនៅសល់ $200 ..ចុងក្រោយគឺនៅសល់ $120។ មុខវិជ្ជានេះរៀនអស់លុយហើយភ័យបះសក់ ព្រោះខាងស្រីស្អាតគម្រាមថា បើមិនបង់លុយ គឺនឹងបង្ហោះតាម Youtube ។ ស្អែកស្រីស្អាតនឹងបង្រៀនខាងប្រុស អោយចេះបង់លុយតាម Western Union ។
ជាមួយគ្នានោះលោក ដួង តារា ក៏បានអំពាវនាវដល់ យុវវ័យប្រុងប្រយ័ត្នជាប់ អន្ទាក់ស្រីស្អាតអនឡាញ ព្រោះនេះជាវិធីរកលុយរបស់ពួកគេ ដែលធ្វើអោយប៉ះពាល់ ដល់មុខមាត់កិត្តិយសខ្លួនឯងផង ប្តីប្រពន្ធ និងក្រុមគ្រួសារ ព្រមទាំងទីកន្លែងធ្វើការងារទៀតផង ។
លោកលើកឡើងថា តើពិតមែនដែរទេ ដែលឮគេនិយាយតៗគ្នាថា នៅក្រោយផ្ទះស្រីស្អាត សុទ្ធតែជាផ្នូរអ្នកក្លាហាន! ៕