ភ្នំពេញ៖ បុរសម្នាក់ទៅបង់សំណាញ់ នៅ ពេលទឹកសម្រក ប៉ុន្តែនៅមុខទឹក ដែលហូរខ្លាំង ទំនងជារអិលជើង ធ្លាក់ចូលទឹកកួចលិចយកទៅ បណ្តាលឲ្យលង់ស្លាប់ នៅចំណុចប្រឡាយមុខបួន ដែលមានជម្រៅ ៦ម៉ែត្រ ស្ថិតនៅភូមិព្រហូត សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីម៉ោង ៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ជនរងគ្រោះឈ្មោះ ធុន ចិត្រា ភេទប្រុស ហៅចិត អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បុរសរងគ្រោះតែងតែ ទៅបង់សំណាញ់ នៅកន្លែងកើតហេតុតែម្នាក់ឯង ជាញឹកញាប់ ។ ជនរងគ្រោះ បានទៅបង់ត្រីដូច សព្វមួយដង តែពេលកើតហេតុទំនងជា រអិលជើងធ្លាក់ចូល ក្នុងទឹកហូរកួច អ្នកនៅក្បែរជួយ មិនទាន់បណ្តាល ឲ្យស្លាប់ ។ លុះដល់ព្រលឹមទើបសមត្ថកិច្ច មន្ត្រីអាជ្ញាធរ រួមទាំងអ្នកភូមិ ទៅជួយចុះមុជរាវរក ឃើញសព ជនរងគ្រោះ ប្រគល់ជូនសាច់ញាតិ យកទៅចាត់ចែងធ្វេីបុណ្យ ៕



