ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ ៣វិច្ឆិកា ឲ្យអត់ធ្មត់បន្ដធ្វើចត្តាឡីស័កឲ្យគ្រប់ចំនួន ១៤ថ្ងៃ ជាពិសេសត្រូវត្រឡប់ទៅ ធ្វើតេស្ដរកវីរុសកូវីដ១៩ លើកទី៤ ដែលជាដំណាក់កាលសំខាន់ និងចាំបាច់ទីជាបំផុត ដើម្បីងាយស្រួលក្នុងការ សន្និដ្ឋានចុងបញ្ចប់ ពីការចម្លង ឬមិនចម្លងវីរុសកូវីដ១៩ នៅកម្ពុជា ។
តាមរយៈសារសំឡេង ដែលចែកចាយក្នុងបណ្ដាញ សង្គមតេឡេក្រាម កាលពីថ្ងៃទី១៦ វិច្ឆិកា លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ការបន្ដធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ គឺជាកិច្ចការមួយដ៏មានសារៈសំខាន់ ក្នុងដំណាក់កាលនេះ ដែលត្រូវចូលរួមចំណែក ក្នុងការទប់ស្កាត់កុំឲ្យមានការចម្លងនូវវិរុសកូវីដ-១៩ ចូលទៅក្នុងសហគមន៍ជាយថាហេតុ ។
លោកស្រីអ្នកនាំពាក្យ បញ្ជាក់ថា «ក្រសួងសុខាភិបាល ក៏ដូចជា រូបខ្ញុំផ្ទាល់ សូមធ្វើការអំពាវនាវ និងទទូចសូម ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនអ្នកសារព័ត៌មាន ក៏ដូចជា លោកអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកានេះ សូមមេត្តាព្យាយាមអត់ធ្មត់ នឹងបន្ដចត្តាឡីស័ករបស់ខ្លួននេះ ឲ្យគ្រប់ចំនួនថ្ងៃ ហើយក៏សូមអំពាវនាវ អញ្ជើញមកធ្វើតេស្ដ លើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឲ្យបាន គ្រប់ៗគ្នា»។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ទៀតថា «ការធ្វើតេស្ដលើកចុងក្រោយនេះ គឺជាការធ្វើតេស្ដយ៉ាងសំខាន់សម្រាប់ ព្រឹត្តិការណ៍ ៣វិច្ឆិកា នៅកម្ពុជា ហើយជាការសន្និដ្ឋាន ចុងបញ្ចប់នៃការចម្លង ឬមិនចម្លង វិរុសកូវីដ១៩ នៅកម្ពុជា ។ បើនិយាយដោយឡែក ការចម្លងដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា នឹងអាចវាយតម្លៃទៅបាន នៅពេលលទ្ធផលលើកទី៤ នឹងចេញបង្ហាញនៅថ្ងៃទី១៨ វិច្ឆិកា ខាងមុខនេះ» ។
លោកស្រីសង្កត់ធ្ងន់ថា ប្រសិនបើនៅពេលលទ្ធផលធ្វើតេស្ដទាំងអស់ បង្ហាញភាពអវិជ្ជមាននូវវិរុសកូវីដ១៩ ក្រសួងនឹងវាយតម្លៃ ហើយសន្និដ្ឋានថា ការចម្លង វិរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកានោះ គឺមានតែ៤នាក់ប៉ុណ្ណោះ ដែលបច្ចុប្បន្នពួកគាត់កំពុងស ម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ៕