ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួន បានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេនោះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ញើញបើកការដ្ឋាន សាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងខេត្តសៀមរាប ។
ការចុះពិនិត្យនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ ទីតាំងដាក់ប្រព័ន្ធលូ មន្ទីរពិសោធន៍ក្នុងការស្ថាបនាផ្លូវ ៣៨ខ្សែ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងមតិយោបល់ទាក់ទងនឹងការស្ថាបនានៃខ្សែផ្លូវទាំង ៣៨ខ្សែ ឱ្យប្រព្រឹត្តទៅដោយរលូន។
ក្នុងឱកាសដឹកនាំគណៈប្រតិភូ ក្រុមការងារបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៥ វិច្ឆិកា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ នឹងត្រូវសាងសង់ឡើង ដោយអង្គភាពចំនួនប្រាំមួយ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូ សមស្រប តាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាពជាមួយនឹងការបញ្ចប់គម្រោង ឱ្យបានទាន់ពេលវេលាតាមការគ្រោងទុក។
លោករដ្ឋមន្ត្រីបន្តថា ក្រុមការងារក្រសួងនឹងធ្វើការចុះពិនិត្យ តាមដានលើលក្ខណៈបច្ចេកទេស សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ នេះ ដើម្បីឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខខណ្ឌតម្រូវ នៃស្តង់ដាបច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល។
លោករដ្ឋមន្ត្រី បន្ថែមថា អង្គភាពដែលទទួលយក ការងារសាងសង់ផ្លូវទាំង ៣៨ខ្សែនេះរួមមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុល និងថែទាំផ្លូវ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួនប្រភេទ ក្នុងនោះ៖ ប្រភេទទីមួយចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ (AC) ពីលើទេ ប្រភេទទីពីរចាក់បេតុងកម្រាស់ ២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការចុះមកពិនិត្យការពង្រីកផ្លូវលេខ៦ ពីរាជដំណាក់ទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ផ្លូវបត់ចូលព្រលានយន្តហោះ ពង្រីកជា ៦គន្លង ៣គន្លងទៅ ៣គន្លងមក ទ្រង់ផ្លូវ ២ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ម៉ែត្រសងខាង ជាថវិកាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ប្រវែងជិត ៦គីឡូម៉ែត្រ ត្រូវបានស្ថាបនាឡើងវិញ ប្រើពេលសាងសង់រយៈមួយឆ្នាំ នេះជាដំណាក់កាលទី២ ចំពោះដំណាក់កាលទី១ ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ទៅស្រុកក្រឡាញ់ បានស្ថាបនារួចហើយក្រាលបេតុងកៅស៊ូ (AC) ឡើងវិញ និងដំណាក់កាលទី៣ ពីស្រុកក្រឡាញ់ ទៅក្រុងសិរីសោភណ្ឌ ប្រភេទបេតុងកៅស៊ូ (AC) បានចុះហត្ថលេខារួចហើយជាមួយក្រុមហ៊ុនសាងសង់។ ចំពោះកំណាត់ផ្លូវលេខ៦ ពីរាជដំណាក់ ទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ នេះគ្រោងស្នើសុំសម្ដេចបើកការដ្ឋានជាមួយផ្លូវ ៣៨ខ្សែតែម្តង ៕