ភ្នំពេញ៖ មេបញ្ជាការរងកងពលតូចលេខ៦ នៃវរៈសេនាតូចលេខ២៦៤ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ បានប្រគល់ជនសង្ស័យជាប្តីប្រពន្ធពីរនាក់ មកឲ្យកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយលើ ខេត្តសៀមរាបនិងកំលាំងជំនាញ ដើម្បីធ្វើការ សាកសួរពាក់ពន្ធ័ករណី ធ្វើទារុណកម្ម លើកូនចិញ្ចឹម អាយុ ៦ឆ្នាំ បណ្តាលឲ្យស្លាប់ នៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។
ប្រភពព័ត៌មានបានអោយដឹងថា ជនសង្ស័យឈ្មោះ ហាប់ ផល និងប្រពន្ធឈ្មោះ ឈឿង វីន ជាឳពុកម្តាយចិញ្ចឹមរបស់ក្មេងរងគ្រោះក្រោយ ធ្វើទារុណកម្មមកលើកូនបណ្តាលអោយស្លាប់ ភ្លាមៗ ជនដៃដល់ទាំងពីរ បានទៅប្រាប់អាជ្ញាធរ ថាពុលដំឡូងស្លាប់ រួចធ្វើការគេចខ្លួនបាត់។
បន្ទាប់ពីកំលាំងជំនាញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ខាងលើ បានសារភាពថា ពួកគេបានវាយធ្វើបាប ទៅលើកូនចិញ្ចឹមឈ្មោះ ផល សុភាន់ ជាច្រើនលើកច្រើនសារពិតប្រាកដមែន។
ចំពោះចម្លើយដែលពួកគេ និយាយប្រាប់ឪពុកជនរងគ្រោះ និងរាយការណ៍ ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះស្លាប់ ដោយសារពុលដំឡូងមី គឺមិនសមហេតុផលឡើយ គឺជនរងគ្រោះស្លាប់ ដោយសារការប្រើអំពើហិង្សា ឬ អំពើទារុណកម្ម ទើបបណ្តាលឲ្យជនរងគ្រោះ ស្លាប់បាត់បង់ជីវិតតែម្តង ។
បច្ចុប្បន្នជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី ៕