ឥទ្ធិពលគ្រឿងញៀន! ខឹងសុំលុយទៅជក់ថ្នាំ មិនបាន កូនប្រុសចរណៃ គំរាមផុតផ្ទះចោល និងចាក់ម្តាយបង្កើតខ្លួន

0

ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន! បុរសញៀនថ្នាំម្នាក់ ត្រូវបានសមត្ថកិច្ច ធ្វើឃាត់ខ្លួន ក្រោយទទូលបានបណ្ដឹងពីជនរងគ្រោះ ជាម្តាយបង្កើត បន្ទាប់ពីជនសង្ស័យសុំលុយចំនួន២,០០០,០០០រៀល យកទៅជក់ថ្នាំ តែម្តាយគ្មានលុយឱ្យ ជនសង្ស័យបានធ្វើសកម្មភាព វាយបំផ្លាញសម្ភារៈក្នុងផ្ទះ គំរាមផុតផ្ទះ និងរកចាក់ម្តាយបង្កើត។

យោងតាមស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានអោយដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនបងប្អូនប្រជាពលរដ្ឋល្អ (សូមមិនបញ្ចេញឈ្មោះ) ដែលបានរាយការណ៍ និងសំណូមពរ ចូលហ្វេសបុកផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា «សូមគោរព បងសូមចុះជួយមើលក្មេងទំនើងជក់ថ្នាំ នៅក្រោយសាលារៀនស្តៅ កន្លែងនិងបានធ្វើផ្គរភ្លៀង រយ:ពេល២យប់ហើយ សូមជួយដោះស្រាយផង អរគុណ»។

ក្រោយពីទទួលបានព័ត៌មាននេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សស្នងការដ្ឋាននគរបាលខេត្ត បានជូនដំណឹងនេះដល់ក្រុមការងារប្រតិកម្មរហ័សនៃ អធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវតាមជំនាញ។

ជាលទ្ធផល៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩.០០នាទី នៅចំណុចភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ បានចុះឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធទៅនឹងករណីប្រជាពលរដ្ឋបានរាយការណ៍ខាងលើ ទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្តាយបង្កើត បន្ទាប់ពីជនសង្ស័យសុំលុយម្តាយចំនួន២,០០០,០០០រៀល យកទៅជក់ថ្នាំ តែម្តាយគ្មានលុយឱ្យ ជនសង្ស័យបានធ្វើសកម្មភាព វាយបំផ្លាញសម្ភារៈក្នុងផ្ទះ គំរាមផុតផ្ទះ និងរកចាក់ម្តាយបង្កើត។

*ជនរងគ្រោះឈ្មោះ ប៉ា អូន ភេទស្រី អាយុ៥០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្ដៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរកសិករ(ត្រូវជាម្តាយបង្កើត)។
*ជនសង្ស័យឈ្មោះ ភា រស្មី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរមិនពិតប្រាកដ ត្រូវជាកូនបង្កើត(ឃាត់ខ្លួន)។
*សម្ភារ:ខូចខាតរួមមាន៖
១-ឆ្នាំងដាំបាយខ្សែភ្លើងចំនួន១
២-កង្ហារចំនួន១
៣-ព្រះភូមិរៀនទេវតាចំនួន០១
៤- បង្កាន់ដៃជណ្តើរផ្ទះធ្វើអំពីថ្មខូចខាតផ្នែកខាងក្រោម
៥-ស៊ុមរូបថតចំនួន០៣ និងមែកឈើហូបផ្លែមួយចំនួន។
*វត្ថុតាងចាប់យករួមមាន៖
១-ញញួរផ្លែដែកដងឈើប្រវែង០,២២ម៉ែត្រចំនួន០១
២-កាំបិតកញ្ចែតប្រវែង០,៤៨ម៉ែត្រ ចំនួន០១
៣-ដែកស្រួចចំនួន០២ដើម មួយដើមប្រវែង០,៤៣ម៉ែត្រ
និងដែកកេះហ្គាសចំនួន០១ពណ៌ស្វាយ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីនីតិវិធី។ ចំណែកជនសង្ស័យផ្សេងទៀត សមត្ថកិច្ចជំនាញពាក់ព័ន្ធបន្តស្រាវជ្រាវក្តាប់មុខសញ្ញាដើម្បីបង្រ្កាបទៅតាមជំនាញ៕