ក្ដៅៗ! សម្ដេចតេជោ និងភរិយា ធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ជាលើកទី៣

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងភរិយា ព្រមទាំងអ្នកនៅជុំវិញ បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ទាំងអស់ ជាលើកទី៣ ។នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច។

សម្ដេចបានបញ្ជាក់ថា «នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាក ទៅធ្វើតេស្តជាលើកទី៣។ ជាលទ្ធផលទាំងខ្ញុំនិងភរិយា ក៏ដូចជាបងប្អូននៅជុំវិញ គឺអវិជ្ជមានកូវីដ-១៩ទាំងអស់។»

ជាមួយគ្នានេះសម្ដេច ក៏កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត បងប្អូនផ្សេងទៀត ដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកា ហើយសង្ឃឹមថាលទ្ធផល នឹងអវិជ្ជមានទាំងអស់គ្នា។

សម្ដេចបញ្ជាក់បន្ថែមថា ទោះយ៉ាងណាក៏ដោយ សម្ដេចនឹងបន្តធ្វើចត្តាឡីស័ក រហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលសម្ដេចសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមាន ទាំងសម្ដេចនិងភរិយា ព្រមទាំងបងប្អូនប្រមាណ៩០០នាក់ ដែលធ្វើចត្តាឡីស័ក ក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា២០២០ ដែលនឹងធ្វើអោយការព្រួយបារម្ភ អំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយ នៅក្នុងរាជធានីភ្នំពេញនិង ខេត្តកណ្តាល ដែលនឹងអាចឈាន ទៅបើកសាលារៀនឡើងវិញ សម្រាប់ការសិក្សារបស់កូនចៅយើង។ សម្ដេចនិងភរិយា សូមថ្លែងអំណរគុណ ចំពោះបងប្អូនជនរួមជាតិ ដែលបារម្ភអំពីសុខភាព និងជូនពរដល់ខ្ញុំនិងភរិយា។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន៣០២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន២៨៩នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យសរុប១៣នាក់ (គ្មានអ្នកស្លាប់)៕