ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថា តុលាការ បានសម្រេច ប្រគល់លោកស្រី ទ្រី សុផានិត បងស្រីបង្កើតថៅកែហាងពេជ្រលោកស្រី ទ្រី ដាណា សំរាកព្យាបាល នៅ ផ្ទះ ជាបណ្ដោះ អាសន្ន ដោយរង់ចាំបន្តនីតិវិធីនាពេលក្រោយ ។
គួររំលឹកថា មានមតិមួយចំនួន លើកឡើង ថា លោកស្រី ទ្រី ដាណា ថៅកែលក់ពេជ្រដ៏ស្តុកស្តម្ភ និង តែងតែធ្វើសកម្មភាពមនុស្សធម៌ ហេតុអ្វី បែរជាមកប្តឹងបងស្រីបង្កើត គឺ លោកស្រី ទ្រី សុផានិត គ្រាន់តែរឿងបរិហារកេរ្តិ៍ បែបនេះ ? ។
ក្រឡេកមកមើលខ្លឹមសារសំខាន់ នៃដីកាបង្គាប់អោយនាំខ្លួនលោកស្រី ទ្រី សុផានិត កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វិញ របស់លោក ហម ម៉េងសែ អនុប្រធាននិងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ទើបដឹងមូលហេតុច្បាស់លាស់ ដែលនាំអោយតុលាការចេញដីកាបង្គាប់អោយនាំខ្លួន នេះ ។
សំអាងហេតុនៃការចេញដីកាបង្គាប់អោយនាំខ្លួន នេះ គឺ ៖
១-តាមសេចក្តីស្នើសុំលើកពេលចូលឆ្លើយបំភ្លឺ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោកស្រីមេធាវី សួង ថាវី អះអាងតាមពាក្យកូនក្តី ទ្រី សុផានិត មិនអាចចូលខ្លួនមកបំភ្លឺបាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានបញ្ហាសុខភាព «ផ្តាសាយធំ» នោះ ប៉ុន្តែតាមភស្តុតាងដែលទទួលបាន បង្ហាញអោយឃើញថា នៅថ្ងៃទី១១ , ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ជនត្រូវចោទឈ្មោះ ទ្រី សុផានិត បានបង្ហោះការថតផ្សាយផ្ទាល់ លើការលក់ផលិតផល តាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ដែលបង្ហាញអោយឃើញថា សាម៉ីខ្លួនមិនបានឈឺ ឬ មានបញ្ហាធ្ងន់ធ្ងរផ្នែកសុខភាព «ផ្តាសាយធំ» ដូចការអះអាងនោះទេ ។ ចេតនាភូតកុហកនេះ ស្តែងចេញនូវអត្តចរិតរឹងរូស ប្រឆាំងការបង្គាប់អោយចូលខ្លួន របស់តុលាការ គប្បីចាត់វិធានការនាំខ្លួនឈ្មោះ ទ្រី សុផានិត មកសាកសួរតាមនីតិវិធី ។
ជាមួយគ្នានេះ លោកស្រី ទ្រី សុផានិត មិនមែនជាប់ចោទតែបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈមួយទេ ពោលគឺ តុលាការបានចោទប្រកាន់លោកស្រី ទ្រី សុផានិត ចំនួន៣បទល្មើស គឺ «បរិហារកេរ្តិ៍ជាសាធារណៈ , ញុះញង់ឲ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ ។
ទន្ទឹមនោះ មជ្ឈដ្ឋានជាច្រើនសង្កេតឃើញថា ពេលដែលសមត្ថកិច្ចទៅនាំខ្លួនលោកស្រី ទ្រី សុផានិត គឺ លោកស្រី បាន Live លើបណ្តាញសង្គមហ្វេសប៊ុកជាធម្មតា តែពេលនាំមកដល់តុលាការ បែរជាដួលសន្លប់ទៅវិញ ។
ពេលនេះ តុលាការកំពុងបន្តនីតិវិធី និង រង់ចាំលទ្ធផលពីខាងមន្ទីរពេទ្យ ថា តើលោកស្រី ទ្រី សុផានិត ឈឺអ្វីអោយពិតប្រាកដ ៕