ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានប្រាប់អភិបាលរាជធានី-ខេត្ត ថា ត្រូវចាត់កម្លាំងសមត្ថកិច្ចជួយដល់ ការយាមកាមឲ្យបានហ្មត់ចត់ ព្រមទាំង តាមដានការអនុវត្តធ្វើចត្តាឡីស័ករបស់បុគ្គល នៅតាមមណ្ឌល ចត្តាឡីស័ក និងនៅតាមផ្ទះធ្វើចត្តាឡីស័ក ឲ្យបានម៉ឺងមាត់ជាទីបំផុត។
យោងតាមលិខិតផ្ញើជូន អភិបាលរាជធានី-ខេត្ត ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ដើម្បីពង្រឹងការគ្រប់គ្រង អ្នកធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពប្រគល់ជូន អាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យទទួលខុសត្រូវតាមដាន និងគ្រប់គ្រងអ្នកធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋានក្រោមដែន សមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកលើបទពិសោធន៍ ពីការគ្រប់គ្រងពលករដែល វិលត្រឡប់មកពីប្រទេសថៃ កាលពីខែមេសា កន្លងទៅដោយត្រូវ៖
ទី១-ចាត់កម្លាំងសមត្ថកិច្ច ជួយដល់ការយាមកាមឲ្យបានហ្មត់ចត់ ព្រមទាំងតាមដាន ការអនុវត្តធ្វើចត្តាឡីស័ក របស់បុគ្គលនៅតាមមណ្ឌលចត្តាឡីស័ក និងនៅតាមផ្ទះធ្វើចត្តាឡីស័ក ឲ្យបានម៉ឺងមាត់ជាទីបំផុត។
ទី២-ចាត់កម្លាំងសហការ ជាមួយក្រុមគ្រូពេទ្យ ក្នុងការធ្វើការស្រាវជ្រាវ រកអ្នកប៉ះពាល់ ជាមួយអ្នកជំងឺកូវីដ-១៩ និងតាមដានការអនុវត្តវិធានការសំខាន់ៗ នៃការធ្វើចត្តាឡីស័ក និងធ្វើការត្រួតពិនិត្យសុខភាព អ្នកធ្វើចត្តាឡីស័កឲ្យបានទៀងទាត់ និងហ្មត់ចត់ ជាទីបំផុត។
ទី៣-ម្យ៉ាងទៀត នៅតាមសណ្ឋាគារ ដែលទទួលធ្វើចត្តាឡីស័ក ត្រូវចាត់ឲ្យមានការយាមកាមច្បាស់លាស់ ហើយម្ចាស់សណ្ឋាគារ ក៏ត្រូវដាក់អ្នកយាម និងមានការត្រួតពិនិត្យ តាមដានអ្នកធ្វើចត្តាឡីស័ក ឲ្យបានច្បាស់លាស់មិនអនុញ្ញាត ឲ្យចេញដើររហេតរហូតឡើយ ។
ទី៤-ក្នុងករណីដែលពិនិត្យទៅឃើញថា ការអនុវត្តការធ្វើចត្តាឡីស័ក នៅតាមផ្ទះមិនបានត្រឹមត្រូវ ឬប្រសិនបើបុគ្គលនោះ មិនមានលទ្ធភាពក្នុងការ ធ្វើចត្តាឡីស័កនៅផ្ទះ ឫនៅសណ្ឋាគារ ទៅតាមការកំណត់ របស់ក្រសួងសុខាភិបាល សូមចាត់បញ្ជូនអ្នកទាំងនោះ មកធ្វើចត្តាឡីស័កនៅក្នុង មណ្ឌលចត្តាឡីស័ករដ្ឋ ដែលបានកំណត់ដោយ ក្រសួងសុខាភិបាលឲ្យបានច្បាស់លាស់។
និងទី៥-ក្នុងករណីមានបុគ្គលណា មិនអនុវត្តតាមវិធានការចត្តាឡីស័ក របស់ក្រសួងសុខាភិបាល សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សហការអនុវត្តច្បាប់ ទៅតាមបទដ្ឋានគតិយុត្ត ដែលមានជាធរមាន តាមអនុក្រឹត្យលេខ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិនៃជំងឺ នៅតាមច្រកចេញ-ចូល និងតម្រូវឲ្យអនុវត្តការធ្វើចត្តាឡីស័ក សារឡើងវិញឲ្យគ្រប់ចំនួន១៤ថ្ងៃ ៕