ទណ្ឌិតដែលជម្លៀសចេញ ដោយសារបញ្ហាទឹកជំនន់ ត្រូវបញ្ជូនមកឃុំខ្លួន នៅពន្ធនាគារខេត្តបន្ទាយមានជ័យវិញហើយ

0

ភ្នំពេញ៖ ទណ្ឌិតជាប់ឃុំ នៅពន្ធគារខេត្តបន្ទាយមានជ័យ ចំនួន ១.៦៣១នាក់ ដែលត្រូវបានជម្លៀសចេញពី ពន្ធនាគារដោយបញ្ហាទឹកជំនន់ ជន់លិចទៅរកទីសុវត្ថិភាព ដោយដាក់ ផ្ញើនៅពន្ធនាគារក្នុងខេត្តផ្សេងៗ កន្លងមកនេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានបញ្ជូនមកឃុំនៅពន្ធនាគារ ខេត្តបន្ទាយមានជ័យវិញហើយ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នេះបេីយោងតាម​ អគ្គស្នងការនគរបាលជាតិ ។

ប្រតិបត្តិការនេះ ដឹកនាំបញ្ជា ផ្ទាល់ដោយឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធនាគារ ដោយមានការចូលរួម ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ, លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ , លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កងកម្លាំងនគរបាល និងអាវុធហត្ថ ជាច្រើននាក់ទៀត ។

លោកឧត្តមសេនីយ៍ទោ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ទណ្ឌិតចំនួន ១.៦៣១នាក់ ត្រូវជម្លៀសចេញពី ពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ដោយសារបញ្ហា គ្រោះទឹកជំនន់ កន្លងមកនេះ ត្រូវបានបញ្ជូនមក ដាក់ក្នុងពន្ធនាគារខេត្តវិញអស់ហើយ ដែលកន្លងមកបានយក ទៅផ្ញើនៅពន្ធនាគារខេត្តចំនួន ៤ គឺ ៖១/- ខេត្តឧត្តរមានជ័យ ចំនួន ២០០ នាក់ , ២/- ខេត្តសៀមរាប ចំនួន ៨៥៥ នាក់ , ៣/- ខេត្តកំពង់ធំ ចំនួន ២០០ នាក់ និង ៤/ មណ្ឌល អប់រំ កែប្រែ ទី ៣ ត្រពាំងថ្លុង ចំនួន ៣៧៩ នាក់ សរុប ១.៦៣១ នាក់ ។ ក្នុង នោះ បញ្ជូនមកដាក់ ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ វិញ គឺ ៖១/- ខេត្តឧត្តរមានជ័យ ចំនួន ៨៨ នាក់ , ២/- ខេត្តសៀមរាប ចំនួន ៨២៦ នាក់ , ៣/- ខេត្តកំពង់ធំ ចំនួន ១៩០ នាក់ និង ៤/ មណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង ចំនួន ២១៤ នាក់ សរុប ១.៣១៩ នាក់ ។ ក្រៅពីនោះពាក់ព័ន្ធ និងការដោះលែងដោយ ផុតកំណត់ទោស ។

ឧត្តមសេនីយ៍ទោ អ៊ុង ស៊ីផាន បញ្ជាក់ទៀតថា ក្នុងនោះជនជាប់ឃុំ ត្រូវបានបន្ធូរបន្ថយទោស លើកលែងទោស ក្នុង ១ ឆ្នាំ មានចំនួន ៣លើក ។ ជាមួយគ្នានោះ លោកក៏បានធ្វើការ ផ្តាំផ្ញើដល់ទណ្ឌិតទាំងអស់ ក្រោយពីបានចេញពី ពន្ធនាគារវិញ ត្រូវចេះកែខ្លួន កសាងជីវិតថ្មី ឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅ ក្នុងសង្គមបានល្អ ៕