ភ្នំពេញ៖ ដើម្បីការពារពីការចម្លងនូវវីរុសកូវីដ-១៩ និងជំងឺឆ្លងមួយចំនួន លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានណែនាំដល់ អ្នកសារព័ត៌មានទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តន៍វិធានការសុខាភិបាល ឲ្យបានជាប់ជាប្រចាំ រាល់ពេលបំពេញភារកិច្ច និងពេលធ្វើដំណើរ។
លោកស្រី ឱ វណ្ណឌីន បានផ្ញើសារក្នុងគ្រុបតេឡេក្រាម ក្រុមអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ថា អ្នកសារព័ត៌មាន ត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តន៍វិធានការសុខាភិបាល ដូចខាងក្រោម៖
ទី១-ពាក់ម៉ាស់ជាប់ជានិច្ច រាល់ពេលយកព័ត៌មាន និងនៅគ្រប់ពេល។
ទី២-ឧស្សាហ៍លាងដៃជាមួយអាល់កុល ឬទឹកជែលលាងដៃ ឲ្យបានញឹកញាប់។
ទី៣-រក្សាគម្លាតសុវត្ថិភាពបុគ្គល ក្នុងចម្ងាយយ៉ាងតិច មួយម៉ែត្រកន្លះឡើងលើ រាល់ពេលទៅជិតបុគ្គល ដែលត្រូវផ្តល់ព័ត៌មាន ឬពេលចូលទៅថតព្រឹត្តិការណ៍អ្វីមួយ។ កុំប្រជ្រៀតគ្នានៅក្នុងស្ថានភាព យកព័ត៌មានដែលចង្អៀតកកកុញ ទោះជានៅកន្លែងណាក៏ដោយ។
ទី៤-ពេលយកព័ត៌មានរួច ត្រូវសម្អាតដៃ និងសម្ភារដែលបានប្រើរួចភ្លាមៗ ជាមួយអាល់កុល ឬទឹកសម្លាប់មេរោគ។
ទី៥-ប្រុងប្រយ័ត្នការប្រើក្បាលមេក្រូ មុនពេលដាក់ក្បាលមេក្រូ ឲ្យបុគ្គលម្នាក់និយាយ ត្រូវសម្អាតជាមុនដោយប្រើអាល់កុល ឬទឹកសម្លាប់មេរោគ ពេលចប់ ត្រូវសម្អាតម្តងទៀត។
ទី៦-ប្រសិនបើលោកអ្នកមាន ការក្អកកណ្តាស់ ត្រូវចេះអនុវត្តន៍វិធានការ ការពារដោយខ្ទប់មាត់ និងច្រមុះដោយម៉ាស់ កន្សែង ក្រម៉ា ឬក្រដាសជូតមាត់ រួចបោះចោលក្រដាសជូតមាត់ ដែលបានប្រើហើយនោះ ក្នុងធុងសម្រាមត្រឹមត្រូវ។
និងទី៧-បុគ្គលដែលមានបញ្ហាសុខភាព ឬមិនសូវស្រួលខ្លួន ត្រូវសម្រាកនៅផ្ទៈ (អាចធ្វើការពីផ្ទះបាន ប្រសិនបើនៅអាចធ្វើការបាន) មិនត្រូវចេញដើរទៅយក ព័ត៌មាននោះឡើយ ៕