ភ្នំពេញ៖ ឧត្ដមសេនីយ៍ ទី ចំរើនកុសល បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋមេត្តាបញ្ឈប់ ការវាយតប់ទាត់ធាក់ ប្រើហិង្សាទៅលើជនសង្ស័យ តទៅទៀត ព្រោះថាការធ្វើបែបនេះ គឺបងប្អូនបានប្រព្រឹត្ត បទល្មើសហិង្សាដោយចេតនា ទៅលើជនសង្ស័យដោយមិនដឹងខ្លួន ដែលនាំឲ្យបងប្អូនកូនក្មួយ ក្លាយទៅជាជនជាប់ពិរុទ្ធ ។
តាមរៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ វិច្ឆិកានេះ ឧត្ដមសេនីយ៍ ទី ចំរើនកុសល បានសរសេរយ៉ាងដូច្នេះថា «ជនរួមជាតិជាទីគោរពស្រលាញ់ ! សូមមេត្តាបញ្ឈប់ ការវាយតប់ទាត់ធាក់ប្រើហិង្សា ទៅលើជនសង្ស័យ ដូចមាននៅក្នុងរូបភាព ខាងក្រោមនេះតទៅទៀត ព្រោះថាការធ្វើបែបនេះ គឺបងប្អូនបានប្រព្រឹត្តបទល្មើសហិង្សា ដោយចេតនាទៅលើជនសង្ស័យ ដោយមិនដឹងខ្លួន ដែលនាំឲ្យបងប្អូនកូនក្មួយ ក្លាយទៅជាជនជាប់ពិរុទ្ធ» ។
លោកបន្តថា មិនការពារជនសង្ស័យ និងមិនលើកទឹកចិត្តឲ្យ ជនសង្ស័យទៅលួចឆក់ ទ្រព្យសម្បត្តិអ្នកដទៃនោះទេ ប៉ុន្តែខ្ញុំក៏មិនលើកទឹកចិត្ត ឲ្យបងប្អូនកូនក្មួយទៅប្រព្រឹត្ត អំពើហិង្សាដាក់ជនសង្ស័យបែបនេះដែរ ព្រោះវានាំឲ្យបងប្អូនកូនក្មួយ ជាប់ពិរុទ្ធពីបទប្រើអំពើហឹង្សាដោយចេតនា ឬមនុស្សឃាត (បើជនសង្ស័យបានស្លាប់ ដោយសាររងអំពើហឹង្សាពីអ្នកវាយ) ។
លោកឧត្ដមសេនីយ៍ បញ្ជាក់ថា ដឹងថាបងប្អូនមានការខឹងសម្បា និងស្អប់ខ្ពើមជនសង្ស័យ ប៉ុន្តែសូមកុំប្រើអំពើហិង្សា ត្រឹមតែចាប់ឬឃាត់ខ្លួន និងប្រគល់ទៅឲ្យសមត្ថកិច្ច ដើម្បីចំណាត់ការតាមផ្លូវច្បាប់ គឺជាការជួយដ៏ធំធេងណាស់ ទៅហើយដល់សង្គម ៕