អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា ចំនួន ៨៨នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តអវិជ្ជមាន វិរុសកូវីដ-១៩ 

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើតេស្ដអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា បានចំនួន៨៨នាក់ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានវិរុសកូវីដ-១៩ទាំងអស់ បើគិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ វិច្ឆិកា នេះ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៤-១១ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្ដដែលបានធ្វើវិភាគមាន ២.៤៩៧វត្ថុសំណាក (ក្នុងចំនួននេះមានអ្នក ដែលបានធ្វើតេស្ដលើកទី១ ចំនួន ១.៦៨០នាក់ និងលើកទី២ បានចំនួន៨១៧នាក់) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានវិរុសកូវីដ-១៩ ចំនួន៤នាក់ (បានរាយការណ៍ជូន សាធារណៈជនរួចហើយ) ដែលកំពងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) ។

ក្រសួងបន្ដថា រីឯ អ្នកមានលទ្ធផល អវិជ្ជមានវិរុសកូវីដ-១៩ មានចំនួន១.៦៧៦នាក់ (ស្មើនឹង៩៩,៧៦% នៃចំនួនអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា សរុបទាំងអស់)។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣០១នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ ចំនួន២៨៨នាក់ និងអ្នកកំពុងសម្រាក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន១៣នាក់ ៕