ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបញ្ជាក់ថា គិតរហូតមកដល់ថ្ងៃនេះ លោកមានសុខភាពល្អធម្មតា មិនមានអ្វីប្រែប្រួលនោះទេ ជាពិសេសកំដៅក្នុងខ្លួនធម្មតា បាយក៏បាន សម្រាន្តក៏ស្រួល ខ្លាចតែឡើងគីឡូទៅវិញទេ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ វិច្ឆិកានេះ ឧនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ថ្ងៃទី១២ ខែវិច្ឆិកា នេះគឺចូលដល់ថ្ងៃទី១០ហើយ បើរាប់ពីថ្ងៃដែលលោកបានទទួលជួបប្រាស្រ័យការងារ ជាមួយលោករដ្ឋមន្ត្រីការបរទេសហុងគ្រី Péter Szijjártó ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា។
លោកបន្តថា ជារៀងរាល់ថ្ងៃ មានអ្នកសួរសុខទុក្ខលោកជាហូរហែថា តើលោកយ៉ាងម៉េចហើយ? មានបញ្ហាអីទេ? មានប្រែប្រួលក្នុងខ្លួនដែរឬអត់? ភាគច្រើនគឺជាមិត្តភ័ក្តិ អ្នកស្រឡាញ់រាប់អានគ្នា បារម្ភពីសុខភាពលោក ហើយគេជូនពរឱ្យលោក ចៀសផុតគ្រោះទាំងឡាយ ហើយបានឆាប់ត្រឡប់ មកកាន់ជីវភាពធម្មតាឡើងវិញ។ លោកថា អ្នកខ្លះក៏ភិតភ័យខ្លាចលោក ទទួលការចម្លងមេរោគពី លោករដ្ឋមន្រ្តីការបរទេសហុងគ្រី ដែលអាចនាំឱ្យរាលដាល ដល់អ្នកផ្សេងទៀត ពិសេសក្រោយពេលមន្ត្រីនគរបាលយើងម្នាក់ ដែលបំរើការជាអង្គរក្សជូនលោករដ្ឋមន្ត្រី ព្រមទាំងទូតហុងគ្រី និងមន្ត្រីជាន់ខ្ពស់របស់យើង ២នាក់ទៀត រកឃើញថាមានមេរោគ Covid-19 ។ តែក៏មានអ្នករាប់អានពីឆ្ងាយៗ ផ្ញើការសាកសួរសុខទុក្ខ និងជូនពរសុខភាពល្អ និងសុវត្ថិភាព មិនដាច់ដែរ។
លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ក្រុមគ្រួសារខ្ញុំ អ្នកធ្វើការនៅក្នុងផ្ទះ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ និងរូបខ្ញុំផ្ទាល់ បានធ្វើតេស្តចំនួន ២ដងហើយ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា ព្រមទាំងមានសុខភាពល្អជាធម្មតា។
តំាងពីថ្ងៃបន្ទាប់ពីទស្សនកិច្ច លោករដ្ឋមន្ត្រីការបរទេសហុងគ្រីមក ខ្ញុំនៅតែរក្សាទំលាប់ប្រចាំថ្ងៃរបស់ខ្ញុំដដែល គឺក្រោកហាត់ប្រាណខ្ទង់ម៉ោង៥ភ្លឺ ទទួលទានអាហារពេលព្រឹកចន្លោះពីម៉ោង ៦:៤៥ ទៅម៉ោង ៧:០០ រួចចូលបន្ទប់ធ្វើការ (ពេលនេះគឺធ្វើការក្នុងផ្ទះ) ដូចកាលមិនទាន់មានករណីព្រឹត្តិការណ៍ ៣ វិច្ឆិកា យ៉ាងដូច្នេះ។ កំដៅក្នុងខ្លួនធម្មតា បាយក៏បាន សម្រាន្តក៏ស្រួល។ ខ្លាចតែឡើងគីឡូទៅវិញទេ!» ។
លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា អ្វីដែលប្លែកខុសពីមុន គឺទីមួយ ក្នុងផ្ទះរបស់លោក គឺយើងនាំគ្នាអនុវត្តន៍វិធានការការពារ រិតត្បិតយ៉ាងហ្មត់ចត់ ពាក់ម៉ាស់គ្រប់គ្នា គ្រប់ពេល ពាក់ស្រោមដៃ លាងដៃញឹកញាប់ រក្សាគំលាត និងតាមសង្កេតការប្រែប្រួលយ៉ាងជាប់លាប់។ ទីពីរ ដោយសារតែតម្រូវធ្វើចត្តាឡីស័ក ការជួបភ្ញៀវ ការចូលរួមកម្មវិធីនានាក៏ត្រូវលុប ឬលើកទៅពេលក្រោយ ម្លោះហើយនាំឱ្យលោកមានពេលទំនេរ យកទៅរៀបចំទុកដាក់ឯកសារឡើងវិញ ពិចារណាពីផែនការការងារ តទៅមុខដោយចិត្តត្រជាក់ មិនតក់ក្រហល់ ជំពាក់មុខ ជំពាក់ក្រោយដូចពេលមុន។
លោកបន្តថា ពេលនេះ យើងមើលឃើញអត្ថប្រយោជន៍ កាន់តែខ្ពស់នៃការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យា ដោយសារតែរាល់ការងារ រាប់ពីការរាយការណ៍ សុំយោបល់និងការសម្រេច ពិគ្រោះពិភាក្សាគ្នា អាចធ្វើឡើងបានដោយងាយតាមរយៈប្រព័ន្ធទំនើបនេះ។
លោកបន្ថែមថា ពេលលោកសន្ទនា តាមទូរស័ព្ទជាមួយលោករដ្ឋមន្ត្រី Szijjártó ក្រោយពីគាត់ត្រឡប់ ដល់ស្រុកគាត់វិញនោះ លោកបានសំដែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោស របស់លោកចំពោះការលំបាក ដែលបង្កឡើងដោយរូបលោក។ លោកបញ្ជាក់អះអាងសារជាថ្មីថា ពេលលោកបានធ្វើតេស្ត មុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជមាន។ ប្រពន្ធ និងកូនលោកក៏ដូចជាសមាជិកគណៈប្រតិភូ របស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ ទាំងអស់ រហូតដល់ថ្ងៃនេះ។
លោកឧបនាយករដ្ឋមន្ត្រី លើកឡើងថា រូបលោក Péter Szijjártó ត្រូវបានផ្សព្វផ្សាយយ៉ាងល្បីល្បាញ ក្នុងបណ្តាញសង្គមនៅកម្ពុជា។ មានការធ្វើអត្ថាធិប្បាយបែប ចំរុះស្តីពីដំណើរទស្សនកិច្ច របស់គាត់មកភ្នំពេញ។ យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចទេថា លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេស ជាសមាជិកសហភាពអឺរ៉ុបមួយ ដែលតែងហ៊ានចេញមុខការពារ យុត្តិធម៌ចំពោះកម្ពុជា។ គាត់គឺជាអ្នកក្រោកឡើង បន្លឺសំលេងប្រឆាំងនឹងការជ្រៀតជ្រែក ពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរ ភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌ EBA 20% ពីកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ឧប្បត្តិហេតុនៃការចម្លង Covid-19 នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាព ជ្រាលជ្រៅនៃដំណើរ ទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញ ដល់ទំនាក់ទំនងទ្វេភាគី របស់យើងនោះទេ» ។
លោកឧបនាយករដ្ឋមន្ត្រី បានជូនពរឱ្យលោករដ្ឋមន្ត្រីហុងគ្រី ឆាប់ជាសះស្បើយ។ ក៏ដូចជូនពរដូចគ្នាដល់មន្ត្រីយើងទាំង ៣រូប ព្រមទាំងលោកឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ឆាប់ជាសះស្បើយផងដែរ ៕