ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០ ដែលគ្រោងរៀបចំតាមអនឡាញ រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី១៤ដល់ ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបន្តប្រារព្ធដដែល ដោយពុំមានការជួបជុំតាំងបង្ហាញផ្ទាល់។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការងារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០ ត្រូវបានកែសម្រួល ដូចខាងក្រោម៖
ទី១-រក្សាទុកការប្រារព្ធកម្មវិធី អនឡាញតាមរយៈគេហទំព័រ www.careerfair.nea.gov.kh តាមកាលបរិច្ឆេទខាងលើ។
ទី២-ពន្យាពេលការតាំងបង្ហាញ និងជួបផ្ទាល់របស់និយោជក នៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅពេលវេលាសមស្របរហូតដល់ មានការជូនដំណឹងជាថ្មី។
ទី៣-ការកែសម្រួលនេះត្រូវបាន ធ្វើឡើងក្នុងគោលបំណង ដើម្បីចៀសវាងការជួបជុំគ្នា រក្សាគម្លាតសង្គម និងចូលរួមបង្ការទប់ស្កាត់ ករណីរីករាលដាលថ្មីនៃជំងឺឆ្លងកូវីដ-១៩។
និងទី៤-សម្រាប់ព័ត៌មានពិស្ដារអំពី កម្មវិធីពិព័រណ៍ការងារអនឡាញ សូមទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទលេខ ០១៧ ៨៧១ ៨០៧៕