ថ្មីទៀតហើយ! បុរសម្នាក់ ខឹងគេផ្តាច់ពាក្យ យកកូនកាំបិតចាក់ អតីតគូដណ្ដឹងរបួសធ្ងន់

0

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ព្រោះតែខឹងនឹងនារីជាអតីតគូរដណ្ដឹងខ្លួនផ្តាច់ពាក្យ ក៏យកកូនកាំបិតចាក់ទៅលើនារីរងគ្រោះ បណ្ដាលឲ្យរងរបួសជាទម្ងន់។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៨.ខែវិច្ឆិកា.ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី នៅចំណុចតាមផ្លូវ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។

មន្ត្រីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ា បូរី ហៅទុយ ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំ.មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ស្រា ក្រឡុក(គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ កែវ មួយគីម ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិ/សង្កាត់កើតហេតុ មុខរបរ នៅផ្ទះ។ ចំណែកវត្ថុតាងចាប់យក៖ កូនកាំបិតចុងស្រួច ប្រវែង៩សង់ទីម៉ែត្រ មានប្រឡាក់ឈាម០១ ។

ប្រភពដដែលបន្តថា មុនពេលវេលាកើតហេតុខាងលើ.ជនសង្ស័យនិងជនរងគ្រោះជាអតីតគូរដណ្តឹងនឹងគ្នា តែដោយសារជនសង្ស័យ ជាមនុស្សប្រើប្រាស់គ្រឿង ញៀន.ហើយធ្លាប់វាយធ្វើបាបជនរងគ្រោះជាញឹកញាប់ផងដែរ ធ្វើឲ្យជនរងគ្រោះផ្តាច់ពាក្យវិញទៅ ក្រោយពីផ្ដាច់ពាក្យរួច ជនសង្ស័យនៅតែមកទាក់ទងរំខាន ជនរងគ្រោះរហូត ។

លុះមកដល់វេលាកើតហេតុខាងលើ ឪពុកជនរងគ្រោះបានឌុបជនរងគ្រោះ ទៅហៅជនសង្ស័យចេញពីផ្ទះ ហើយណាត់ជួបគ្នានៅប៉ុស្តិ៍ដើមមៀន ដើម្បីនិយាយ គ្នាឲ្យបានដាច់ស្រាច់ តែនៅពេលដើរតាមផ្លូវ មិនទាន់និយាយគ្នាផង ក៏ស្រាប់តែជនសង្ស័យ ដកកូនកាំបិតចុងស្រួចដែលលាក់ទុកក្នុងចង្កេះ យកមកចាក់ជនរងគ្រោះ ចំក្រោមឆ្អឹងជំនីខាងស្តាំបណ្តាលឲ្យលិចជ្រៅ ហូរឈាមយ៉ាងច្រើន សន្លប់លែងដឹងខ្លួន ចំណែក ជនសង្ស័យបានបោះកាំបិតចោល.ហើយរត់គេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍ដើមមៀន សហការជាមួយកម្លាំងយុត្តិធម៌ក្រុងតាខ្មៅ បានចុះដល់កន្លែងកើតហេតុ.និងជួយយកជនរងគ្រោះ សង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ ជ័យជំនះ រីឯជនសង្ស័យត្រូវបានកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ ដើម្បីបន្តស្វែងរកចាប់ខ្លួនយកមក ចាត់ការតាមនីតិវិធី៕